វិភាគអន្តរជាតិ៖ កម្មវិធីស្បៀងអាហារពិភពលោក៖ ប្រទេសក្រីក្របំផុត ខិតទៅជិតទុរ្ភិក្សក្សិណក្ស័យ

(អន្កតរជាតិ)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារនិងកសិកម្ម (FAO) កំពុងព្រមានថាភាពអត់ឃ្លានបានគំរាមកំហែងដល់កម្រិតធ្វើអោយមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសចំនួន ២៥ នៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតសាកល កូវីដ១៩ ។

តម្រូវការស្បៀងប្រមូលផ្តុំច្រើនបំផុតនៅទ្វីបអាហ្រ្វិក ប៉ុន្តែបណ្តាប្រទេសនៅអាមេរិកឡាទីន និងការ៉ាអ៊ីប មជ្ឈឹមបូព៌ា និងអាស៊ី រួមទាំងប្រទេសដែលមានប្រាក់ចំណូលមធ្យម ក៏កំពុងត្រូវបានបំផ្លាញក្នុងកម្រិតដ៏គ្រោះថ្នាក់នៃអសន្តិសុខស្បៀង ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមទាំងពីរ បានប្រកាសអាសន្ននៅក្នុងរបាយការណ៍រួមគ្នាមួយ ចេញផ្សាយកាលពីថ្មីៗនេះ ខណៈដែលកម្មវិធីស្បៀងអាហារពិភពលោកបានប្រកាសថា ខ្លួនកំពុងបង្កើនជំនួយស្បៀងអាហារដល់ប្រជាជនចំនួន ១៣៨លាននាក់ ជាចំនួនដែលមិនធ្លាប់មានពីមុនមក ដែលប្រឈមមុខនឹងកម្រិតខុសៗ គ្នានៃភាពអត់ឃ្លាន ខណៈដែល COVID-១៩ កាន់តែបន្ថែមការយាយីលើប្រទេសដែលមិនរឹងមាំមួយចំនួននៃពិភពលោក ។

ជីវភាពរស់នៅរីងហួតហែង

ការចំណាយលើការឆ្លើយតបរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤,៩ ប៊ីលានដុល្លារ ដែលតំណាងឱ្យជិតពាក់កណ្តាលនៃផែនការឆ្លើយតបមនុស្សធម៌សកលចំពោះ កូវីឌ១៩ ដែលត្រូវបានប្រកាសនៅក្នុងសប្តាហ៍នេះ ដោយមានការបន្ថែមជាពិសេស ៥០០ លានដុល្លារ ដើម្បីការពារភាពអត់ឃ្លាននៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់បំផុត ។

នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោកលោក David Beasley មានប្រសាសន៍ថា “កាលពី ៣ ខែមុន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខ្ញុំបានប្រាប់មេដឹកនាំពិភពលោកថា យើងបានប្រឈមនឹងគ្រោះទុរភិក្សក្នុងទំហំមួយដែលសមាមាត្រនឹងអ្វីដែលមានចែងក្នុងព្រះគម្ពីរ” ។

លោក Beasley បានមានប្រសាសន៍ថា “ថ្ងៃនេះ ទិន្នន័យចុងក្រោយរបស់យើងប្រាប់ថា ចាប់តាំងពីពេលនោះមក គ្រួសារក្រីក្របំផុតរាប់លាននាក់នៅលើពិភពលោក ត្រូវបានរុញកាន់តែជិតមែនទែន ទៅនឹងមាត់ជ្រោះ”។

លោកបាននិយាយថា “ជីវភាពរស់នៅកំពុងត្រូវបានបំផ្លាញក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក ហើយឥឡូវនេះ ជីវិតរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលអាចនឹងមកដល់ដោយសារភាពអត់ឃ្លាន ។ សូមកុំច្រឡំអោយសោះ ប្រសិនបើយើងមិនចាត់វិធានការឥឡូវនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃការរងទុក្ខវេទនារបស់មនុស្សទេនោះ មនុស្សជាច្រើននឹងត្រូវស្លាប់”។
 
២៥ ចំណុចក្តៅ ភាគច្រើននៅអាហ្វ្រិក

ភាគច្រើននៃ “ចំណុចក្តៅ” ទាំង ២៥ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ លាតសន្ធឹងពីអាហ្វ្រិកខាងលិច និងឆ្លងកាត់តំបន់ក្បែរសាហារ៉ា រហូតដល់អាហ្វ្រិកខាងកើត រួមទាំងអាហ្វ្រិកខាងលិច និងកណ្តាលភាគខាងជើង ក៏ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ម៉ូហ្សំប៊ិកនិងហ្ស៊ីមបាវេ ។

របាយការណ៍ក៏កំណត់ទីតាំងជាចំនុចក្តៅថានៅមជ្ឈិមបូព៌ា អ៊ីរ៉ាក់ លីបង់ ស៊ីរី និងយេម៉ែន។ នៅអាស៊ី មាន បង់ក្លាដែស; និងនៅអាមេរិកឡាទីន និងការ៉ាអ៊ីប មាន អែលសាលវ៉ាឌ័រ ហ្គាតេម៉ាឡា ហៃទី ហុងឌូរ៉ាស នីការ៉ាហ្គា និងវេណេហ្ស៊ុយអេឡា ។

ដោយលើកជាឧទាហរណ៍មួយចំនួន របាយការណ៍និយាយថា កូវីដ១៩ កំពុងរួមបញ្ចូលគ្នានូវបញ្ហាជាច្រើនដែលមានស្រាប់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ធ្វើឱ្យចក្ខុវិស័យនៃភាពអត់ឃ្លានមានទំហំធំធេងនៅក្នុងតំបន់ជាងពេលណាៗ ទាំងអស់ នៅតាមតំបន់ដែលការប្រយុទ្ធគ្នារវាងសហគមន៍ ដែលការចូលទៅជួយដោយអង្គការមនុស្សធម៌បើមិនលំបាកទេ ក៏មិនអាចធ្វើទៅកើតឡើយ។

មជ្ឈឹមបូព៌ា, អាមេរិកឡាទីន

នៅមជ្ឈឹមបូព៌ា រោគរាតត្បាតកំពុងតែធ្វើអោយកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសលីបង់ ជាទីដែលអសន្តិសុខស្បៀងកំពុងកើនឡើងយ៉ាងឆាប់រហ័ស មិនត្រឹមតែក្នុងចំណោមពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាជនស៊ីរី និងជនភៀសខ្លួន ១,៥ លាននាក់ផងដែរ ។

យោងតាមរបាយការណ៍ ទីដែលដែលរងការវាយប្រហារខ្លាំងបំផុតនៅអាមេរិកឡាទីន គឺជនអន្តោប្រវេសន៍វេណេហ្ស៊ូអេឡា ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រ ទេសជិតខាងទាំងឡាយ ជាង ៥ លាននាក់ បន្ថែមការលំបាកខាងសេដ្ឋកិច្ចដល់ប្រទេសម្ចាស់ផ្ទះទាំងឡាយ ដែលអាចធ្វើអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ។

យោងតាមការប៉ាន់ស្មានរបស់កម្មវិធីស្បៀងអាហារពិភពលោក ចំនួនប្រជាជនដែលរស់ក្នុងស្ថានភាពអសន្តិសុខស្បៀងធ្ងន់ធ្ងរ នៃបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារជម្លោះគ្រោះមហន្តរាយ ឬវិបត្តិសេដ្ឋកិច្ច អាចលោតពី ១៤៩ លាននាក់ មុនពេលដែលជំងឺរាតត្បាតកើតមាន ដល់ ២៧០ លាននាក់នៅចុងឆ្នាំ ប្រសិនបើជំនួយមិនត្រូវបានផ្តល់ជាបន្ទាន់ ៕ ដោយ៖ ណានី ភូ (Micheal)