ផ្លូវសម្តេចសង្ឃទេពវង្ស បាក់ស្រុតដោយទឹកហូរច្រោះ និងដើមឈើរមួយចំនួនបានបាក់រលំ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ ផ្លូវសម្តេចសង្ឃទេពវង្ស ព្រៃនប់-ស្ទឹងហាវ  ម្តុំជិតវត្តថ្មដា ត្រង់ចំណុចជាប់ស្ពានទី៥និងជាប់ស្ពានទី៨ស្ថិតក្នុងឃុំជើងគោ បានបាក់ស្រុតដោយទឹកហូរច្រោះ ក្រោយមានភ្លៀងធ្លាក់ខ្លាំង ដែលតម្រូវអោយផ្អាកបណ្តោះអាសន្ន រថយន្តធុនធំឆ្លងកាត់ ប៉ុន្តែសម្រាប់រថយន្តធុនតូចអោយដំណើរការខ្លះៗដោយពិនិត្យជាក់ស្តែង ។

មន្ត្រីបញ្ជាក់ថា ជំនាញសាធារណការកំពុងពិនិត្យនិងរៀបចំជួសជុល។ 

ហើយករណីទី២៖ រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​ ចុះជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ រក្សាសណ្តាប់ធ្នាប់ និងប្រមូលដើមឈើបាក់ដួលរលំនៅលើដងផ្លូវជាតិលេខ៤ សហការណ៍នឹងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយជួបនូវខ្យល់កន្រ្តាក់បោកបក់ខ្លាំង ត្រង់ចំណុច​ចន្លោះគីឡូម៉ែត្រលេខ​ ១១២-១១៣​ ស្ថិតក្នុង​ភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

ដោយឡែកករណីទី៣៖ នៅថ្ងៃទី០២ ខែសីហា​ ដដែលនេះ មានផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នងផ្សេងទៀត នៅក្រុម៥ភូមិ១ ឃុំទំនប់រលក​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ រងការខូចខាត របើកស័ង្កសីដំបូលផ្ទះ ដោយសារខ្យល់កន្ត្រាក់ ប៉ុន្តែមិនមានមនុស្សរងគ្រោះនោះទេ ៕ ដោយ៖ ឈុន ហៃ (យុទ្ធ)