មេ​ Apple និយាយ​ថា​មិន​បាន​ចម្លង​ស្មាតហ្វូន​ Android

Apple តែង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​​ចម្លង​តាម​​គូ​ប្រជែង​ ហើយ​ iPhone X ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ។ ក្រុមហ៊ុន​នេះ​បាន​​​បញ្ចេញ​​មុខងារ​​សាក​ថ្ម​ឥត​ខ្សែ​លើ​ iPhone X ​បន្ទាប់​ពី​ស្មាតហ្វូន​ Android មាន​ប្រើ​មុខងារ​នេះ​យូរ​ឆ្នាំ​មក​ហើយ។ យ៉ាងណាក្ដី​​លោក​ Tim Cook បាន​ប្រកែក​ថា​នេះ​មិន​មែន​ជា​ការ​ចម្លង​នោះ​ទេ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ទស្សនាវដ្ដី​ Fast Company កាល​ពី​ថ្មីៗ​នេះ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បាន​​លើក​ឡើង​ថា ៖

“ខ្ញុំ​មិន​និយាយ​ថា​​ធ្វើ​តាម​នោះ​ទេ។ ខ្ញុំ​មិន​ប្រើ​​ពាក្យ​នេះ​ទេ ព្រោះ​វា​មាន​ន័យ​ថា​យើង​រង់ចាំ​មើល​នរណា​ម្នាក់​ដើម្បី​​ដឹង​​ថា​គេ​​កំពុង​ធ្វើ​អ្វី។ វា​មិន​ដូច្នោះ​​ទេ។ អ្វី​ដែល​កើត​​​ឡើង​នោះ​គឺ​​​ ប្រសិន​បើ​អ្នក​មើល​ឲ្យ​ជ្រៅ​ ​គឺ​យើង (Apple) ​​តែង​ចាប់​ផ្ដើម​​បង្កើត​គម្រោង​ការ​លើ​មុខងារ​អ្វី​មួយ​ រាប់​សិប​ឆ្នាំ​មុន​នឹង​ប្រកាស​វា​ចេញ​ជា​សាធារណៈ។ អ្នក​មើល​លើ​​ផលិត​យើង​មួយៗ​ដូច​ជា​ iPod, iPad, iPhone, Apple Watch ពួក​វា​មិន​មែន​ដំបូង​គេ​ ប៉ុន្តែ​វា​ជា​ផលិតផល​ដំបូង​គេ​ដែល​ទាន់​សម័យ​ ពិត​ទេ?”។

​​​​លោក​ Tim Cook បន្ត​បក​ស្រាយ​ថា​​អតិថិជន​មិន​គួរ​​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​សាក​ល្បង​នោះ​ទេ ហើយ​មូលហេតុ​ដែល​​មុខងារ​ខ្លះ​​របស់​ iPhone ​ចេញ​ក្រោយ​ Android ​​ដោយ​សារ​តែ​​ក្រុមហ៊ុន​​ត្រូវ​ចំណាយ​ពេល​វេលា​ និង​ថវិកា​បន្ថែម​​​​លើ​ការ​ធ្វើ​ឲ្យ​​ល្អ​ប្រសើរ​​បំផុត​ ​មុន​នឹង​បញ្ចេញ​ឲ្យ​អតិថិជន​ប្រើ​ប្រាស់៕