សាលា​រាជធានី​ជួប​ជាមួយ​វិនិយោគិន​បារាំង​ដើម្បី​ស្វែ​ករក​ដៃគូ​អភិវឌ្ឍ

(ភ្នំពេញ)៖ អាជ្ញាធរ​សាលា​រាជធានី​បាន​ជួបគ្នា​ជាមួយ​ក្រុមហ៊ុន​បារាំង​ជាច្រើន​នៅ​ថ្ងៃទី​២៦​ខែមីនា​ ២០១៩ ​នៅក្នុង​វេទិកា​មួយ​ដែល​ត្រូវ​បានរៀបចំ​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង នៅ​សណ្ឋាគារ Le Royal​។

អភិបាលរង​នៃ​សាលា​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន បាន​លើក​បង្ហាញ​បញ្ហា​មួយចំនួន​ដែល​សាលា​រាជធានី​ភ្នំពេញ​កំពុង​ដោះស្រាយ​សម្រាប់​ការរស់នៅ​របស់ប្រជា​ពលរដ្ឋ ហើយ​ដែល​ត្រូវការ​ដៃគូរ​អភិវឌ្ឍពី​វិស័យ​ឯកជន​ផងដែរ​ ​គឺជា​វេទិកា​«​ទីក្រុង​ប្រកបដោយ​ចីរភាព​» ដែល​បាន​ប្រមូលផ្តុំ​តំណាង​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​បារាំង​ជាច្រើន​ឱ្យមក​ស្តាប់​អំពី​គម្រោង​អភិវឌ្ឍ និង​តម្រូវការ​ជំនួយ​អភិវឌ្ឍរបស់​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ការជជែក​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដែល​កំពុង​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​អភិបាលរង​នៃ​សាលា​រាជធានី​ភ្នំពេញ​លោក នួន ផា​រ័ត្ន បាន​រំឭក​ប្រាប់​អ្នកចូលរួម​ក្នុង​វេទិកា​ដែល​ភាគច្រើន​មកពី​វិស័យ​ឯកជន​របស់​បារាំង អំពី​ស្ថានភាព​នៃ​កំណើន​ប្រជាសាស្ត្រ​របស់​ភ្នំពេញ​ដែលមាន​ប្រជាជន​ប្រមាណ​៣​លាន​នាក់ លើ​ផ្ទៃដី​របស់​រាជធានី​ដែល​កើន​ដល់​ជិត​៧០០​គីឡូម៉ែត្រ​ការេ​ក្នុងពេល​ប​ច្ច្បុ​បន្ន​។ កំណើនប្រជាជន កំណើន​យានយន្ត សុទ្ធតែ​បាន​បង្កើតឱ្យមាន​បញ្ហា​ដែល​ទាមទារ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​បន្ត​ដោះស្រាយ​។ នេះ​បើតាម​ការ​ការលើកឡើង​របស់លោក​អភិបាលរង​រាជធានី ដែល​ស្វែងរក​ដំណោះស្រាយ​លើ​កង្វះខាត​ថាមពល គេហដ្ឋាន​សមរម្យ ការធ្វើ​ប្រព្រឹត្តិកម្ម​ទឹកស្អុយ​(​លូ​) ការកែច្នៃ​សំរាម ការកកស្ទះ​ចរាចរណ៍ និង​ការដោះស្រាយ​ការគំរាមកំហែង​ទឹកជំនន់​ទឹកភ្លៀង​ជាដើម​។​

​នៅ​ចំពោះមុខ​តំណាង​វិស័យ​ឯកជន​បារាំង​ជាង​១០០​នាក់ លោក នួន ផា​រ័ត្ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​ចំពោះមុខ​បញ្ហា​ប្រឈម​ទាំងអស់នេះ សាលា​រាជធានី​ភ្នំពេញ​មិនបាន​នៅ​ស្ងៀម​ឡើយ​។ យើង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​បារាំង​ដែល​បាន​ជួយ​យើង​ក្នុងការ​តាក់តែង​ប្លង់គោល​ប្រើប្រាស់​ដីធ្លី ២០១៥-២០៣៥​។ យើង​អរគុណ​ភ្នាក់ងារ​អភិវឌ្ឍ​បារាំង AFD ដែល​បាន​ជួយ​រដ្ឋាករទឹក​ក្នុង​គម្រោង​ផលិត​ទឹកស្អាត​បាក់​ខែង​។ ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍ យើង​បានធ្វើការ​ជាមួយ Jica ដើម្បី​អភិវឌ្ឍ​ប្លង់គោល​នៃ​នៃ​ការដឹកជញ្ជូន​ក្នុង​ក្រុង ហើយ​យើង​បាន​សិក្សា​ជាមួយ​ស្ថានទូត​បារាំង ដើម្បី​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដែល​រួមមាន Tramway»​។​

​យោងតាម​ការបញ្ជាក់រ​បស់​លោក​អភិបាលរង​រាជធានី​ដដែល ថ្វី​ដ្បិត​ដែល​អាជ្ញាធរ​រាជធានី​បាន​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​ក៏ដោយ តែ​វា​មិនទាន់​អស់​នៅឡើយ​។ «​ជាមួយ​បញ្ហា​ប្រឈម​ទាំងនេះ វា​ក៏​ជា​កាលានុវត្តភាព​សម្រាប់​សហគ្រិន និង​វិនិយោគិន ដែល​មានបំណង​វិនិយោគ​នៅក្នុង​រាជធានី​ភ្នំពេញ​។ យើង​ក៏ត្រូវ​ដំណោះស្រាយ​ចេញពី​ដៃគូ ដែលជា​វិនិយោគិន​»៕