Jennifer Lawrence សុខចិត្តគេចសាលាតាំង​ពី​អាយុ​១៤ឆ្នាំ ដើម្បី​ធ្វើ​រឿង​១

តារា​ហូលីវូដ​តួ​ឯក​ក្នុង​រឿង​ “Mother” Jennifer Lawrence បាន​ទម្លាយ​រឿង​ពិត​ជីវិត​សិក្សារបស់​នាង​ជា​សាធារណៈ​លើក​ដំបូង​ ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ The Bill Engvall Show។

Jennifer ជា​តារា​ស្រី​ម្នាក់​ដែល​ទទួល​បាន​ការ​គាំទ្រ​ និង​ជោគជ័យ​មិន​ធម្មតា​ក្នុង​ពិភពហូលីវូដ ថែម​ទាំង​​ក្លាយ​ជា​តារា​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទូទាំង​ពិភពលោក​ទៀត​ផង។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នេះ​ នាង​ជួប​ឧបសគ្គខ្លះ ដែល​គ្មាន​អ្នក​ណា​ស្មាន​ដល់។

​បើ​និយាយ​ពី​ជីវិត​សិក្សា​អប់រំ​វិញ​ Jennifer ឈប់​រៀន​តាំង​ពី​មាន​អាយុ​ ១៤​ឆ្នាំ ដើម្បី​ផ្សង​ព្រេង​ក្នុង​ពិភពសិល្បៈ។ តារា​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖ “កាល​នៅ​រៀន​ខ្ញុំ​ជួប​ឧបសគ្គ​ច្រើន ត្រង់​ថា​ខ្ញុំ​រៀន​មិន​ឆ្លាតសោះ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​អាន​សាច់​រឿង​អ្វី​មួយ​ ខ្ញុំ​ហាក់​ចាំ​បាន​យ៉ាង​ល្អ”។

ប្រការ​នេះ​ហើយ​ ទើប​Jennifer ដឹង​ភ្លាម​ថា​ នាង​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ៖ “ខ្ញុំ​សម្រេច​ឈប់​រៀន​ ព្រោះ​មិន​ចង់​ធ្វើ​ឲ្យ​ដែល​ខ្លួន​ឯង​មិន​អាច​ទៅ​រួច”។ យ៉ាង​ណា​មិញ​ចាប់​ពី​ឈប់​រៀន​មក​ នាង​បាន​រៀន​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង​ ទើប​មាន​ថ្ងៃ​នេះ។

ទោះ​បី​តែលតោល​មិន​បាន​ចូល​សាលា​ និង​បញ្ចប់​ការសិក្សា​ត្រឹមត្រូវ​ដូចអ្នក​ផ្សេង​ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​ តារា​ស្រី​បាន​ងើប​ឡើង​យ៉ាង​អង់អាច​ ប្រកប​ដោយ​ជោគ​ជ័យជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​វិស័យ​ហូលីវូដ។ នេះ​កើត​ចេញ​ពី​ការ​តស៊ូ​ ដើម្បី​ជម្នះ​ក្ដី​ស្រមៃ​ដែល​មាន​តាំង​ពី​កំណើត៕