គណបក្ស​ភឿថៃ ប្រកាស​បង្កើត​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស៦​ផ្សេងទៀត

(ថៃ)៖ គណបក្សភឿថៃ (Pheu Thai) បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​នាព្រឹក​ថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០១៩​ថា ខ្លួន​នឹង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​ជាមួយ​គណបក្ស​ចំនួន៦​ផ្សេងទៀត បើទោះបី​ជាលទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​មិនទាន់​ប្រកាស​ក៏ដោយ។
គណបក្ស​ទាំង៦​នោះ​រួមមាន៖ គណបក្ស Future Forward, គណបក្ស Seri Ruam Thai, គណបក្ស Prachachart, គណបក្ស Puea Chart, គណបក្ស New Economics និង​គណបក្ស Thai People Power។ គណបក្ស​ភឿថៃ និង​គណបក្សទាំង​៦នេះ នឹង​រួម​បញ្ចូលគ្នា​ដើម្បី​ឈាន​ដល់​ចំនួន​អាសនៈ​លើសពី​២៥០​អាសនៈ​ក្នុង​សភា អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​បាន។

លោកស្រី Sudarat Keyuraphan បេក្ខជន​នាយករដ្ឋមន្រ្តី​របស់​គណបក្ស​ភឿថៃ បាន​និយាយថា ដូចការ​បញ្ជាក់​របស់​គណបក្សខ្លួន គឺចាប់តាំងពីថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រហូត​ដល់ថ្ងៃ​បោះឆ្នោត គឺ​គណបក្ស​លោកស្រី ចង់​បញ្ចប់​អំណាច​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) របស់​លោក ប្រាយុទ្ធ។

លោក​ស្រី​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «យើងចង់​ធ្វើតាម​បំណង​ប្រាថ្នា​របស់​ប្រជាជន។​ យើង​ទទួលបាន​យ៉ាងហោចណាស់ ២៥៥​អាសនៈ (អាសនៈរួមបញ្ចូលគ្នា) បើទោះបី​ជា​ចំនួន​នេះ មិនទាន់​ត្រូវបាន​រាប់ចប់​ក៏ដោយ»។

ជាមួយគ្នា​នោះ លោកស្រី Sudarat ក៏បាន​បន្ទោស​ថាការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យកន្លងទៅ​នេះ មានភាព​មិន​ប្រក្រតី ដោយ​សារតែ​អំណាច​សម្ងាត់ ពោលគឺ​លោកស្រី​សំដៅ​ទៅលើ​អំណាច​របស់​រដ្ឋាភិបាល​យោធា៕