SEA GAMES លើកទី៣១ និងលើកទី៣២ ប្រដាល់គុនខ្មែរនឹងចូលរួមច្រើនបំផុត

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុន ខ្មែរ មានជំនឿជឿជាក់ថា ឆ្នាំ២០២១ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាម និង ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជានឹងមានគ្រូបង្វឹក កីឡាករ កីឡាការិនី ល្អឆ្នើមជាច្រើនចូលរួមប្រកួតកីឡាទាំងជាតិអន្តរជាតិ ជាមួយនិងបណ្តាប្រទេសក្នុងអាស៊ាន និងទទួលបានលទ្ធផលល្អទៀតផង។

លោកបានបន្តថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានយកចិត្តទុកដាក់ជាសំខាន់ដល់ការពង្រឹងឡើងវិញអំពីបច្ចេកទេសក្នុងការហ្វឹកហាត់ និងបង្ហាត់របស់គ្រូបង្វឹកយើងនៅតាមបណ្តាសមាគម ក្លិបកីឡាប្រដាល់ទូទាំងប្រទេស តាមរយៈនៃការបើកវគ្គបណ្តុះបណ្តាលវគ្គបំប៉ន និងវគ្គផ្សេងៗទៀតជាប្រចាំក្នុងឆ្នាំនីមួយៗដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងពេលបច្ចុប្បន្ននិងដើម្បីបង្កើនសមត្ថភាពដល់គ្រូបង្វឹករបស់យើងឲ្យក្លាយជាគ្រូបង្វឹកមានសមត្ថភាពគ្រប់គ្រាន់តាមស្តង់ដា ។

គ្រូបង្វឹកត្រូវតែយកចំណេះដឹងដែលខ្លួនមានទៅបង្ហាត់ដល់កីឡាករ -កីឡាការិនីរបស់យើងឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់ នោះទើបយើងមានកីឡាករដែលមានសក្តានុពលកម្រិតខ្ពស់ ត្រៀមក្នុងព្រឹត្តិការណ៍កីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម  និងលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ កូនដូច (យុទ្ធ)