ម្ចាស់រថយន្ត Range Rover បង្កហេតុ ចូលខ្លួនដោះស្រាយហើយ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់មុននេះបន្ដិចរបស់លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន។

បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាល ឲ្យស្លាប់នោះឡើយ ហើយរហូតមកដល់រសៀលថ្ងៃនេះ សមត្ថកិច្ចរបស់លោក បាននិងបន្ដសួរនាំចាត់ការតាមនីតិវិធីនៅមុខទៀត។

សូមបញ្ជាក់ថា ជាមួយនឹងការស្រែកអំពាវនាវរបស់មហាជននៅលើបណ្តាញសង្គម Facebook នោះ សម្តេចតេជោ ហ៊ុន សែន ក៏មិនបាននៅសុខដែរចំពោះសកម្មភាពល្មើសច្បាប់សង្គមមួយនេះ រហូតសម្តេច បានប្រកាសពីលើវេទិកាចែកសញ្ញាបត្រមួយ ឲ្យសមត្ថកិច្ចត្រូវតែតាមចាប់អ្នកបើករថយន្តមួយនេះឲ្យបាន៕