លោក Hishammuddin៖ ម៉ាឡេស៊ីមិនត្រូវជាប់អន្ទាក់មហាអំណាច នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេ

(អន្តរជាតិ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសម៉ាឡេស៊ីត្រូវតែធានាថា មិនត្រូវជាប់អន្ទាក់នៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូងនោះទេ។

លោក Hishammuddin បានថ្លែងនៅក្នុងសភា ដោយឆ្លើយសំណួរពីសមាជិកសភា អំពីស្ថានភាពនៃការទាមទាររបស់ចិន ចំពោះទឹកដីនៅសមុទ្រចិនខាងត្បូង និងថាតើបញ្ហានេះប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពរបស់ម៉ាឡេស៊ី យ៉ាងដូចម្តេច។ លោកបានគូសបញ្ជាក់ថា ក្រសួងការបរទេសមាននយោបាយដោះស្រាយជម្លោះ ប្រកបដោយលក្ខណៈស្ថាបនា តាមរយៈ “ការចរចាការទូតសមស្រប” និងបានលើកឡើងពីបញ្ហាសំខាន់ពីរ ដែលប្រទេសម៉ាឡេស៊ីកំពុងប្រឈមមុខ។ លោក Hishammuddin បានមានប្រសាសន៍ថា “ដំបូងខ្ញុំមិនចង់ឲ្យប្រទេសម៉ាឡេស៊ីជាប់អន្ទាក់នៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចឡើយ”។ យើងត្រូវតែរារាំងរាល់ឧប្បត្តិហេតុកុំឲ្យកើតឡើងក្នុងដែនទឹករបស់យើង។ យើងក៏ត្រូវការពារការប៉ះទង្គិចយោធាណាមួយនៅក្នុងដែនទឹក រវាងភាគីពាក់ព័ន្ធផងដែរ”។

Nothing unusual about Opposition reps meeting Dr M, says ...

លោក Hishammuddin មានប្រសាសន៍បន្តថា ជម្លោះសមុទ្រចិនខាងត្បូងមិនអាចត្រូវបានប្រើប្រាស់ជាបញ្ហា ដែលបង្កឱ្យមានការបែកបាក់រវាងបណ្តាប្រទេសអាស៊ានឡើយ។ លោក Hishammuddin បានកត់សម្គាល់ថា ជម្លោះទឹកដីរបស់ម៉ាឡេស៊ីនៅសមុទ្រចិនខាងត្បូងមិនមែនគ្រាន់តែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាន “ការទាមទារត្រួតស៊ីគ្នា” ជាមួយបណ្តាប្រទេសអាស៊ាន ដូចជា ហ្វីលីពីន វៀតណាម និងព្រុយណេ ផងដែរ។ “ប្រសិនបើអាស៊ានបែកបាក់ ហើយប្រទេសម៉ាឡេស៊ីខ្លួនឯង មិនអាចទប់ទល់ជាមួយអាមេរិក និងចិនបានទេនោះ ឱកាសល្អបំផុតរបស់យើង គឺបើអាស៊ាននៅតែរឹងមាំ។ ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាមួយចិន យើងត្រូវតែធានាថា សាមគ្គីភាពរបស់អាស៊ានត្រូវតែរឹងមាំ ហើយយើងនៅតែរួបរួមគ្នាជាប្លុកតែមួយ”។

លោកបានបន្ថែមថា លោកលើកឡើងបញ្ហាទាំងនេះជាមួយសមភាគីចិនតាមទូរស័ព្ទ កាលពីយប់ថ្ងៃពុធ ហើយក្រោយមកទៀតនៅក្នុងការពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសចិនទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូង ប៉ុន្តែក៏មានការទាមទារត្រួតលើគ្នា ដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ផងដែរ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)