គណៈបញ្ជាការឯកភាពរាជធានី ដាក់បទបញ្ជាអោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក ជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិ

(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរពិសេសនៅក្នុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០ ខាងមុខនេះ។

ការដាក់បទបញ្ជា និងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពភ្នំពេញ លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់វពិសេសគឺក្នុងអំឡុងពេលនៃការឈប់សម្រាកចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលគ្រោងនឹងចំណាយជំនួសនៅថ្ងៃទី ១៧រហូតដល់ថ្ងៃទី ២១ខែសីហានេះ ។ ដូច្នេះទេ អាជ្ញាធរ និងកងកំលាំងសមត្ថកិច្ចទាំងអស់ រួមទាំងមន្ទីរពាក់ព័ន្ធផង ត្រូវរួមសហការគ្នា ដើម្បីធ្វើយ៉ាងណារក្សា ឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅ ក្នុងឱកាសនៃថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រៅពីការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋហើយនោះ ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ជារឿងសំខាន់ខ្លាំងមួយដែរ ដែលយើងត្រូវរួមគ្នា ដើម្បីពង្រឹង និងទប់ស្កាត់ឲ្យបាន ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

ក្រៅពីការងារខាងលើ លោកឃួង ស្រេង ក៏បានធ្វើការដាស់តឿនទៅដល់ប្រធានមន្ទីរមួយចំនួន ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តាប់តាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ តែក៏មិនអាចផ្តាច់បានពីក្រសួងដែរ តែការងារដែលត្រូវធ្វើនោះគឺការបម្រើប្រជាពលរដ្ឋ ។ ប្រធានមន្ទីរត្រូវសិក្សា ពីវិមជ្ឈការអោយបានច្បាស់លាស់ បើធ្ងល់សួរគេ ដើម្បីយកមកអនុវត្តឲ្យចំតួនាទីនិងភារកិច្ចរបស់ខ្លួន៕ ដោយ៖ ហែមរដ្ឋា(Micheal)