កសិកចិញ្ចឹមទា២០០០ក្បាល យកពងលក់ ទទួលបានប្រាក់ចំណូលខ្ពស់ កែប្រែជីវភាពគ្រួសារពួកគាត់ឲ្យមានជីវភាពធូរធារ

(កំពង់ឆ្នាំង)៖ ប្រជាកសិករនៅក្នុងស្រុករលាប្អៀភាគមួយគ្រួសារ បានចាប់យកមុខចិញ្ចឹមទាយយកពងលក់នឹងទទួលបានប្រាក់ចំណូលខ្ពស់ធ្វើឲ្យគ្រួសារមានជីវភាពធូរធារផងដែរ ។

កសិកចិញ្ចឹមទាយកពងលក់មួយគ្រួសារដែលមានទីលំនៅក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបាបអោយដឹងនៅថ្ងៃទី ៦ សីហា២០២០ នេះថាពួកគាត់ពីរនាក់ប្ដីប្រពន្ធ បានចាប់យក មុខរបរចិញ្ចឹមទានេះ មានរយៈពេល៥ឆ្នាំមកហើយ និងបច្ចុប្បន្នកំពុងតែទទួលបានជោគជ័យពីការចិញ្ចឹមទានេះនិងបានធ្វើអោយជីវភាពគ្រួសារបានល្អប្រសើរផងដែរ។

ម្ចាស់កសិដ្ឋានចិញ្ចឹមទាខ្នាតតូចឈ្មោះ ស៊ិនចិន្តាបានអោយដឹងថា ការចិញ្ចឹនទាបែបជាលក្ខណៈគ្រួសារ គាត់បានចាប់យកមុខរបរចិញ្ចឹមទានេះ ដោយសារតែបច្ចុប្បន្ននេះគាត់ជាពេទ្យសត្វនៅក្នុងភូមិនេះ និងធ្លាប់បានទួលនៅបទពិសោធន៍ខ្លះៗ ពីប្រជាកសិករដែលពួកគាត់ធ្លាប់មានបទពិសោធន៍ក្នុងការចិញ្ចឹមទា ដោយទទួលបានជោគជ័យ និងម្យ៉ាងដោយគាត់ក៍ធ្លាប់បានសិក្សាពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងកន្លងមកផងដែរ ។

បងប្រុសបានឲ្យដឹងទៀតថា ទាមេដែលគាត់ចិញ្ចឹមសព្វ ថ្ងៃនេះគឺមានចំនួន២០០០ក្បាល ហើយទាទាំងនេះគឺគាត់បាបទិញមកពីខេត្តកំពង់ចាម ក្នុងមួយក្បាលតម្លៃ ២៣,០០០៛ ដោយមិនទាន់គិតថ្លៃដឹក ពេលយកមកដល់ទ្រុងដោយគិតត្រឹមថ្ងៃនេះបានរយៈពេលពីមួយសប្តាហ៍ ទៅ១០ថ្ងៃទាទាំងអស់នេះ ក៏ចាប់ផ្ដើមពងជាបណ្ដើរៗផងដែរ បច្ចុប្បន្នទាទាំងអស់នេះ ពងទាំងអស់ហើយ ដោយក្នុងមួយយប់គាត់ប្រមូលបានពី១,២០០ ទៅ១,៥០០គ្រាប់ ។

ចំពោះពងទាដែលប្រមូលបាន គឺគាត់បានយកទៅបោះលក់ឱ្យម៉ូយនៅឯផ្សារលើក្រុងកំពង់ឆ្នាំង ក្នុង១គ្រាប់តម្លៃ៣៨០៛ ដោយគិតជាមធ្យម ក្នុងមួយថ្ងៃ គាត់អាចប្រមូលពងទាលក់បានប្រាក់ពី៥៥ម៉ឺនទៅ ៦០ម៉ឺនរៀល។

ហើយគាត់ក៏មានធ្វើជាពងទាប្រៃរាប់ពាន់គ្រាប់ សម្រាប់លក់ផងដែរ ពងទាប្រៃនេះគឺលក់បោះឱ្យម៉ូយនៅផ្សារលើខ្លះផង និងលក់នៅនឹងផ្ទះរបស់គាត់ផង ដោយក្នុង១គ្រាប់តម្លៃ៤៥០រៀល ដូច្នេះពីរនាក់ប្ដីប្រពន្ធ គាត់អាចរកប្រាក់ចំណូលពីការចិញ្ចឹមទាបានក្នុងមួយខែរហូត ពី១,០០០ទៅ ១,៣០០ ដុល្លារ ក្រៅពីការទូទាត់ថ្លៃចំណាយផ្សេងៗអស់ទៅ។

ពាក់ព័ន្ធទៅនឹងបច្ចេកទេស នៃការចិញ្ចឹមទាដែលទទួលបានភាពជោគជ័យខាងលើនេះ បងប្រុសក៏បានរៀបរាប់ត្រួសៗឲ្យដឹងផងដែរថា ទីតាំងចិញ្ចឹមទារបស់គាត់នេះ ពុំមានស្រះទឹក អូរ ស្ទឹង បឹង សម្រាប់ឲ្យទាហែលលេងនោះទេ គឺគាត់បានរៀបឥដ្ឋធ្វើជាកូនអាងតូចៗដែលមានទទឹង ២ម៉ែត្រ គុណនឹង៣ម៉ែត្រ កំពស់បីទឹកចំនួន២ សម្រាប់បូមទឹកបញ្ចូលឱ្យទាហែលលេងតែប៉ុណ្ណោះ។

ហើយត្រូវធ្វើវ៉ាក់សាំងឲ្យវាចំនួន២ដងក្នុងមួយឆ្នាំ រៀងរាល់៦ខែម្ដង ទាទាំងអស់នេះសុពលភាពក្នុងការទទួលផល គឺមានរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ នឹងត្រូវចាប់លក់ចេញ ហើយទិញបញ្ចូលមេថ្មីមកជំនួសវិញ។

ទាចាស់ដែលត្រូវបញ្ចេញវិញគឺគាត់អាចលក់បានក្នុងមួយក្បាលពី ១,០៥០០៛ ទៅ១,១៥០០៛ក្នុងមួយក្បាល រីឯលាមករបស់ទានៅពេលដែលបញ្ចេញមេចាស់ចេញ ក៏ត្រូវសំអាតទ្រុង ដើម្បីត្រៀមដាក់បញ្ចូលមេថ្មី ពេលនោះលាមកទា ត្រូវបានបោសប្រមូលច្រកបេ ដែលបានពី៣០០ ទៅ ៤០០ បេហើយអាចលក់ចេញតម្លៃក្នុង១បេ ៣៥០០៛ផងដែរ។

កន្លងមកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុនធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថាទាំងការងារចិញ្ចឹមសត្វទាំងការងារដាំបន្លែគ្រប់ប្រភេទនិងការបង្កបង្កើនស្រូវគឺខាងមន្ទីត្រូវបានជម្រុញនិងលើកទឹកចិត្តដល់កសិករក្នុងខេត្តកំពង់ឆ្នាំងធ្វើយ៉ាងណាប្រឹងប្រែងបង្កបង្កើនផលមានបន្លែបង្ការនិងការចិញ្ចឹមសត្វធ្វើយ៉ាងណាដោះស្រាយជីវភាពនៅក្នុងគ្រួសារបាកឲ្យបានល្អគ្រាដែរជំងឺកូវីដ១៩កំពុងធ្វើការរាតត្បាតជាសកលនៅលើពិភពលោកនេះផងដែរ ៕ ដោយ សុក្ខារិន (យុទ្ធ)