កម្ពុជាត្រៀមនាំផ្លែស្វាយចេញមុនគេទៅចិនក្រោយទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

(ភ្នំពេញ)៖ កម្ពុជាកំពុងចរចាទៅលើមុខទំនិញ ក្នុងការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិន បន្ទាប់ពី​កម្ពុជា​ទទួ​លបាន  កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជារវាងកម្ពុជា-ចិន។

លោក ងិន ឆាយ ប្រធានអគ្គនាយកដ្ឋាននៃក្រសួង ​កសិកម្ម ឆ្លើយសំនួរអ្នកសារព័ត៌មាន នៅ ក្នុងសន្និសីទស្តីពី វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី ៦ ខែសីហា នេះ ឱ្យដឹងថា មុខទំនិញដែលមាននៅក្នុងខ្សែបន្ទាត់ដែលត្រូវនាំចេញ គឺរាជរដ្ឋាភិបាលកំពុងចរចាលើការនាំចេញផ្លែស្វាយ ដែលភាគីកម្ពុជា-ចិន បានឯកភាពទៅលើ ពិធីសារបច្ចេកទេសរួចស្រេចហើយ ហើយកសិដ្ឋានរបស់កសិករដែលដាំស្វាយក៏បានត្រៀមខ្លួនរួចហើយដែរ។

លោកបន្តថា ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម ក៏បានចុះវាយតម្លៃមួយជុំម្តងរួចហើយ ប៉ុន្តែនៅមិនទាន់សម្រេចនៅឡើយទេ។ លោក ងិន ឆាយ បញ្ជាក់ ថាអ្វីដែលនៅខ្វះគឺសម្ភារៈ ឧបករណ៍សម្រាប់សម្លាប់ ពងដង្កូវរុយ បើក្រុមការងារសាងសង់ឧបករណ៍នេះរួច ភាគីចិន នឹងចុះវាយតម្លៃផ្ទាល់ ហើយអាចនឹងនាំចេញបាន។ លោកថា នៅរដូវស្វាយខាងមុខនេះ នឹងអាចនាំចេញបាន។ បើតាម លោក ងិន ឆាយ លក្ខណ្ឌដែលត្រូវបំពេញឱ្យបានដាច់ខាតនោះគឺ ចំការស្វាយត្រូវតែល្អ ស្របទៅតាមស្តង់ដា នៃការអនុវត្តកសិកម្មល្អ ត្រូវតែមានកន្លែងវេចខ្ចប់កែច្នៃស្របទៅតាមស្តង់ដាដែលមានចែងនៅក្នុងពិធីសាររួចជាស្រច។

ក្រៅពីស្វាយ គឺនៅមានផ្លែមៀនប៉ៃលិន ម្រេច និងទឹកម៉ាត់ត្រចៀកកាំ ដោយក្រុមការងារបានរៀប​ចំ​ឯក​សាររួចរាល់ហើយ។ បន្ទាប់ពីនេះ​គឺ ក្រុមការងារក្រសួងកសិកម្ម កំពុងពិចារណា ក្នុងការដាក់ផ្លៃទុរេន និងដូងក្រអូប ផ្លែស្រកានាគ ផ្លែខ្នុរ និងដំណាំគ្រាប់ ពោតក្រហម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជាចិន ផ្តល់លទ្ធភាពឱ្យកម្ពុជានាំចេញទំនិញ ៣៤០ ប្រភេទ ដោយមិនតម្រូវឱ្យបង់ពន្ធ ទៅកាន់ទីផ្សារចិន នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភា​គីកម្ពុជា-ចិន (FTA) ចូលជាធរមាននៅដើមឆ្នាំ ២០២១ខាងមុខ។

​កម្ពុជា​ បាន​នាំចេញ​ផលិតផល​កសិកម្ម​សរុប​ជាង​ ២,៦៨ លាន​តោន​ ក្នុង​រយៈពេល​ ៧ ​ខែ​ដើម​ឆ្នាំ​ ២០២០ ការនាំចេញ​ផលិតផល​កសិកម្ម​រយៈពេល​ ៧ ​ខែ ឆ្នាំ​នេះ​កើន​ខ្ពស់ជាង​រយៈពេល​ ៧ ​ខែ​ ១៩ ​ថ្ងៃ​នៃ​ឆ្នាំ​ ២០១៩ ដែល​មាន​​ត្រឹម​តែ​ជាង​ ២,៥៨ ​លាន​តោន​ប៉ុណ្ណោះ​។

ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ការនាំចេញ​ផ្លែស្វាយ និង​ដំ​ណាប់​​ស្វាយ​មាន​ចំនួន ៤៩ ៩៣៧ តោន គ្រាប់ស្វាយចន្ទី​ចំនួន​ ១៩៤ ៥២៥ តោន ចេកអំបូង​លឿង​ស្រស់​ចំនួន ១៦៧ ៧៥៤ តោន និង​ម្រេច​ចំនួន ៣ ៤៣០ តោន​។

ការនាំចេញ​អង្ករ​មាន​ចំនួន​ជាង ៤២ ​ម៉ឺន​តោន ផលិតផល​ផ្សេងៗ​ពី​ដំឡូងមី​ជាង ១,៥៥ លាន​តោន គ្រាប់ពោត ១៤៤ ៧២១ ​តោន ដូងប្រេង ៣២ ៨១០ ​តោន និង​ថ្នាំជក់ ៤ ២៨៣ ​តោន​ជាដើម​៕(ដោយ៖ ឡេង ដេត)

រូបភាព៖ ឯកឧត្តម ងិន ឆាយ ប្រធានអគ្គនាយកកដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ