ផ្លូវមួយចំនួន នៅរាជធានីរងការជន់លិច ដោយសារភ្លៀងបន្តធ្លាក់ជាច្រើនម៉ោង

(ភ្នំពេញ)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ ជាច្រើនម៉ោង គេសង្កេតឃើញថា ផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ រងការជន់លិច។ ជាពិសេសផ្លូវស្ថិក្នុង សង្កាត់ចោមចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ និងផ្លូវមួយចំនួនទៀត ស្ថិតក្នុងបរិវេណរាជធានីភ្នំពេញ រងការ​ជន់លិចដោយសារជំនន់ទឹកភ្លៀង។

អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ធ្លាប់លើកឡើងថា ដោយសារការអភិវឌ្ឍទីក្រុង កំនើនប្រ​ជា​ជន​ច្រើន ហើយលូប្រឡាយនៃទីក្រុងនីមួយៗ អាចទប់ទឹកភ្លៀងបាន ក្រោម ត្រឹមតែ ៥០ មីលីម៉ែត្រ ក្នុង១ វិនាទី ប៉ុណ្ណោះ។ លោក ឃួង ស្រេង បញ្ជាក់ថា ក្រោម ៥០ មីលីម៉ែត្រ គឺលូដែលនៅតាមដងផ្លូវអាចធានាបាន ប៉ុន្តែបើលើសពីនេះ គឺធានាមិនបានទេ សូម្បីតែទីក្រុងបាងកកក៏លិច ទោះបីទីក្រុងប្រទេសផ្សេងៗទៀត នៅលើពិភពលោក ក៏លិចដែរ ឱ្យតែភ្លៀងធំ។ លោក ឃួង ស្រេង ថ្លែងថា « ថ្ងៃមុនភ្លៀងមួយមេធំ បើក​ឆាក​មក​​គឺ ១០៥ មីលីម៉ែត្រ នៅចំនុចទួលសង្កែ ផ្ទះខ្ញុំទឹកហួលើផ្លូវ ត្រឹមជង្គង់ ភ្លៀងធ្លាក់គ្រាប់ធំៗ ហើយយូរទៀត» ។ លោកថា នៅខណ្ឌពោធិ៍សែនជ័យ ប៉ែកខាងលិចឈៀងខាងត្បូង ៨៣ មីលីម៉ែត្រ ដែលហួសពីសមត្ថភាព ដែលទទួលទឹកក្នុងទីក្រុងរបស់យើង។ បើតាមលោ ក ឃួង ស្រេង បច្ចុ​​ប្ប​ន្ន​នេះ ជាមោទនភាព រាជរដ្ឋាភិ​បាល​កម្ពុជា បានរៀបចំ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ បេតុ ផ្លូវកៅស៊ូ និងលូប្រឡាយ ក៏រដ្ឋបាលក្រុងភ្នំពេញ ធ្វើការកែសម្រួល បានល្អផងដែរ។ តែលោកថា រដ្ឋបាលរាជធានីមានមោទនភាព គឺទឹកលិចមិនដល់មួយថ្ងៃទេ គឺស្រកទៅវិញអស់នេះជាមោទនភាពមួយ។

នៅថ្ងៃទី ៦ ខែសីហា នេះ ទឹកភ្លៀងបន្តធ្លាក់សឹងតែមួយយប់មួយថ្ងៃ រហូតដល់ថ្ងៃទី៧ សីហា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តារខេត្តមួយចំនួនទៀត។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនជាប់ៗគ្នា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែសីហានេះ ដោយសាការប្រែប្រួលនៃឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី។ ជាមួយគ្នានេះ ក្រ​សួងធនធានទឹក ក៏អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះខ្យល់ន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតមានជាយថាហេតុ៕

(ដោយ៖ ឡេង ដេត)

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពទីក្រុងភ្នំពេញ

រូបភាពហ្វេសប៊ុកបង្ហាញទិដ្ឋភាពជនលិចផ្លូវនៅភ្នំពេញអំឡុងពេលធ្លាក់ភ្លៀង