កូនឈើឈើប្រណិតចម្រុះច្រើនប្រភេទ ជាង១ម៉ឺន ៣ពាន់ដើម ត្រូវបាននាំយកទៅដាំនៅលើផ្ទៃដី ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដើម្បីស្ដារគម្របព្រៃឈើឡើងវិញ 

(ព្រះវិហារ)៖ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានដឹកនាំមន្ដ្រីឧទ្យានុរក្ស និងមន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្ត នាំយកកូនឈើប្រណិតចម្រុះជាង ១ម៉ឺន ៣ពាន់ដើម ទៅដាំនៅលើផ្ទៃដីដែនជម្រក សត្វព្រៃគូលែនព្រហ្មទេព ដែលផ្ទៃដីទាំងនោះបានរងគ្រោះ ដោយការចូលកាប់រុករាន ទន្ត្រានកាន់កាប់ ដោយខុសច្បាប់ ពីជនខិលខូចមួយក្រុមនៅក្នុងមូលដ្ឋាននោះ ហើយអាជ្ញាធរខេត្ត បានរឹបអូសយកមក គ្រប់គ្រង និងដាំកូនឈើប្រណិត ដើម្បីស្តារគម្របព្រៃឈើ និងលើកកម្ពស់តម្លៃបរិស្ថានជាតិ អោយល្អផូរផង់ ឡើងវិញ ។

ការដាំកូនឈើចម្រុះទាំងនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី6សីហាឆ្នាំ២០២០ ក្រោមការបង្ហាញវត្តមានពី អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី តំណាងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដោយមាន ការចូលរួមពី ប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត លោក សុង ច័ន្ទសុជាតិ , មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ អាជ្ញាធរស្រុកគូលែន មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន និងប្រជាសហគមន៍ការពារព្រៃឈើ ដ៏ច្រើនកុះករ ។

ប្រធានមន្ទីរបរិស្ថានស្ដីទី ខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានថ្លែងអោយដឹងថា កូនឈើ ដែលត្រូវដាំនៅក្នុងពេលនេះ គឺមានចំនួន ១ម៉ឺន ៣ពាន់ ២០០ដើម សុទ្ធសឹងតែជាប្រភេទឈើប្រណិត ក្នុងនោះមាន កូនឈើធ្នង់ កូនឈើក្រញូង កូនឈើបេង និងកូនឈើកកោះ។ ហើយកូនឈើទាំងនេះ គឺជាការឧបត្ថម្ភរបស់ក្រសួងបរិស្ថាន ផ្ដល់ជូនមន្ទីរបរិស្ថានខេត្តព្រះវិហារ សម្រាប់នាំយកមកដាំ ដើម្បស្ដារ ព្រៃឈើឡើងវិញ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លើផ្ទៃដីប្រមាណ ៧ហិកតា ខណៈនៅក្នុងគ្រា បច្ចុប្បន្ន ព្រៃឈើកំពុងរងការកាប់ទន្ទ្រានដោយខុសច្បាប់ ពីសំណាក់ជនខិលខូចមួយចំនួន បើទោះបី មន្រ្តីជំនាញបានខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ។ លោកថា ការចូលរួមដាំកូនឈើនៅថ្ងៃនេះ គឺជាការចូលរួមធានាបាននូវនិរន្តរភាព ក្នុងការចិញ្ចឹមជីវិត និងការរស់នៅ ប្រកបដោយផាសុកភាព ស្របតាមទស្សនៈវិស័យ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍ថា ការនាំយកកូនឈើចម្រុះ ជាប្រភេទ ឈើប្រណិត មកដាំនៅក្នុងពេលនេះ គឺជាការចលករមួយ ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ទាំងអស់ អោយចេះស្រឡាញ់ព្រៃឈើ ស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថាន ហើយចូលរួមដាំកូនឈើ និងការពារព្រៃឈើ ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកអភិបាលរងខេត្ត បានបន្តទៀតថា ការដាំកូនឈើទាំងនេះ គឺដើម្បីដាំស្ដារគម្របព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព អោយមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីមានការកាប់ទន្ទ្រាន ពីជនខិលខូចនោះមក។

លោក ស៊ូ សិរី បានអំពាវនាវ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ អោយចេះចូលរួម ដាំកូនឈើ ដើម្បីស្តារគម្របព្រៃឈើ ដែលរងការបាត់បង់នោះឡើងវិញ ជាពិសេស ត្រូវរួមគ្នាការពារព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព អោយបានល្អប្រសើរ ព្រោះព្រៃឈើ និងធនធានធម្មជាតិ នៅក្នុងសហគមន៍នេះ មានសក្តានុពលទេសចរណ៍ជាច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរ ចូលមក ទស្សនា និងការស្នាក់នៅកម្សាន្ត មានរយះពេលយូរ នៅក្នុងខេត្តព្រះវិហារ យើងនេះ ។

លោកអភិបាលរងខេត្តព្រះវិហារ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្ម កាប់បំផ្លាញព្រៃឈើ ដើម្បីចាប់យកដីព្រៃធ្វើកម្មសិទ្ធិ និងយកមកទុកសម្រាប់លក់នោះ ត្រូវបញ្ឈប់ សកម្មភាពនេះជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ គឺជាទង្វើល្មើសនឹងច្បាប់រដ្ឋ ដ៏ធ្ងន់ធ្ងរបំផុត ជាពិសេស បានធ្វើអោយមហន្តរាយដល់បរិស្ថាន និងធនធានធម្មជាតិ ដែលបណ្តាលមកពី ការកាប់បំផ្លាញព្រៃឈើ ៕ ដោយ៖ សួនពិសិដ្ឋ (យុទ្ធ)