ស្ត្រីជំនាញដោះមីនរាប់រយពាន់គ្រាប់ម្នាក់នៅខេត្តស្វាយរៀង អំពាវនាវរកសប្បុរសជន មេត្តាជួយឧបត្ថម្ភៈ ជួយសង្គ្រោះជីវិតស្វាមី និងរូបគាត់ដោយអនុគ្រោះ 

(ស្វាយរៀង)៖ ស្ត្រីម្នាក់ដែលគេចាត់ទុកជាវីរៈនារីអង្គភាពដោះមីនខេត្តស្វាយរៀង ឈ្មោះ គង់ សារឿន អាយុ៦២ឆ្នាំរស់នៅភូមិ អូរក្អាម ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ឈប់ធ្វើការមានទុក្ខយ៉ាងទម្ងន់ ដោយរូបលោកស្រីមានជម្ងឺស្ពឹកមួយចំហៀងខ្លួន ទៅណាលែងរួចនៅតែលើគ្រែ ចំណែកស្វាមីឈ្មោះ ភោគ សំអុល អាយុ ៧០ឆ្នាំ មានជម្ងឺលើសឈាម ទឹកនោមផ្អែម ឈានដល់ដំណាក់កាលចុងក្រោយ ត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

លោកស្រីចំពោះមុខអ្នកសារព័ត៌មានបានលើកដៃសំពះ អំពាវនាវរកសប្បុរសជន មេត្តាជួយឧបត្ថម្ភៈ គ្រឿងឧបភោគបរិភោគនិងថវិកាជួយសង្គ្រោះជីវិតស្វាមី និងរូបគាត់ដោយអនុគ្រោះ នៅជីវិតចុងក្រោយនេះផង។

លោកស្រីរៀបរាប់ថា៖ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ លោកស្រីបានស្មគ្រ័ចិត្ត ចូលបម្រើការងារក្នុងអង្គភាពដោះមីនខេត្តស្វាយរៀង ហើយបានដោះមីនគ្រប់ប្រភេទ ដោះចម្រូង និងប្រមូលយុទ្ធភណ្ឌ័មិនទាន់ផ្ទុះសម័យសង្គ្រាម ជារៀងរាល់ថ្ងៃ គ្មានថ្ងៃសម្រាកទេគឺដោះមីនរយៈពេល១៣ឆ្នាំ រហូតដល់ឆ្នាំ១៩៩២ ទើបរដ្ឋាភិបាលរំសាយអង្គភាពដោះមីន បានមីន ចម្រូងរាប់រយ រាប់ពាន់ ។

លោកស្រីបន្តទៀតថា នៅក្នុងរយៈពេល១៣ឆ្នាំធ្វើការដោះមីននោះរដ្ឋាភិបាលបានផ្តល់គ្រឿងឥសរិយយស់ចំនួន០៦គឺ៖ មេដាយយុទ្ធជនប្តេជ្ញាឈ្នះ១គ្រឿង, មេដាយការពារមាតុភូមិមួយគ្រឿង, មេដាយយុទ្ធជ័យថ្នាក់ទី២មួយគ្រឿង, មេដាយវីរៈជន១គ្រឿង, មេដាយស្ថាបនាឌិន១គ្រឿង និងចុងក្រោយ ព្រះមហាក្សត្របានព្រះរាជប្រទាន មេដាយ១គ្រឿង។

ហើយនៅឆ្នាំ២០០៤ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសង់ផ្ទះឲ្យ១ខ្នង តាមរយៈលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ផ្ទះសង់អំពីឈើ ប្រក់សង្ខ័សី ជញ្ជាំងក្តា ទំហំ៥ម៉ែត្រx៩ម៉ែត្រ រហូតមកដល់បច្ចុប្បន្នគឺចាស់ទ្រុឌទ្រោមបន្តិចហើយ ប្រេះបែកជើងតាងអស់ហើយ ពេលមានភ្លៀងផ្គរខ្យល់កន្ត្រាក់គឺមិនហ៊ាននៅលើផ្ទះទេចុំមកនៅខ្ទមខាងក្រៅផ្ទះ។

លោកស្រីបន្តទៀតថា៖ គាត់មានស្វាមី មានកូន០៣នាក់ស្រី២នាក់ មិនបានរៀនសូត្រចេះជ្រៅជ្រះទេដោយជីវភាពក្រីក្រ មានតែដីលំនៅឋានទំហំ៣០មx៤០មប៉ុណ្ណោះ ដោយគ្មានដីស្រែធ្វើដូចគេទេ ទើបជីវភាពលំបាក។

បច្ចុប្បន្នកូនទាំង០៣នាក់បានរៀបការអស់ហើយកូនទី១មានប្តីទៅរស់នៅខេត្តកំពង់ចាម។ កូនស្រីទី២ មានប្តីហើយទៅរស់នៅខាងប្តី ក្នុងភូមិអូរក្អាមដែរក៏ប៉ុន្តែមានជីវភាពក្រីក្រ ធ្វើការនៅក្នុងរោងចក្រ។

រីឯកូនប្រុសមានប្រពន្ធហើយដែរ រស់នៅក្នុងឃុំសំបួរស្រុកស្វាយទាបដែរក៏ប៉ុន្តែមានជីវភាពក្រីក្រ ប្រពន្ធធ្វើការរោងចក្រពេលថ្ងៃ ចំណែកប្តីធ្វើការរោងចក្រនៅពេលយប់។ ហើយសព្វថ្ងៃបានយកចៅប្រុសម្នាក់មកចិញ្ចឹមឈ្មោះ ទឹមកក្កដា អាយុ១១ឆ្នាំរៀនថ្នាក់ទី៤ ។

លោកស្រីបន្តទៀតថា កន្លងមកមានការលំបាកក្នុងជីវភាពយ៉ាងខ្លាំងទើបតែខែសីហារនេះគាត់បានសុំបណ្ណ័សមធម៌នៅខេត្តស្វាយរៀងពេលស្វាមីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត អាជ្ញាធរឲ្យបណ្ណក្រ២ បើកប្រាក់បាន១៧៧,០០០រៀល។

រីឯស្វាមីគាត់មានជម្ងឺដេកពេទ្យនេះរយៈពេល២ឆ្នាំមកហើយបច្ចុប្បន្នគឺកំពុងដាក់ខ្យល់ឧកស៊ីស៊ែនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ហើយរូបគាត់នៅផ្ទះ២នាក់និងចៅ កូនស្រីនៅថែឪពុកនៅពេទ្យ កំពុងជួបការលំបាកយ៉ាងខ្លាំងសូមសប្បុរសមេត្តាជួយដោយអនុគ្រោះ៕ ដោយ៖ ភក្តីស្វាយរៀង (យុទ្ធ)