ក្រសួងមហាផ្ទៃ អំពាវនាវដល់ពលរដ្ឋរាយការណ៍ ពីជនខិលខូចយកឈ្មោះ​អគ្គាធិ​ការដ្ឋាន​ទៅ​ប្រើ

(ភ្នំពេញ)៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានកិត្តិយស ប្រកាសថា កន្លងមក មានជនខិលខូច​ជាជន​ឱកាស​និយម បានយកឈ្មោះអគ្គាធិការដ្ឋាន និងថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃទៅ​ប្រើប្រាស់ ដើម្បីផលប្រយោជន៍ និងលាភសក្ការៈ ផ្ទាល់ខ្លួន ដោយគំរាមកំហែង បង្ខំបញ្ជាឱ្យផ្ដល់​ផល់​ប្រយោជន៍ និងធ្វើនូវអំពើខុសច្បាប់ ដើម្បីសម្រេចតាម​បំណងពួកគេ បើមិនធ្វើតាមទេ ពួកគេនឹងចុះមកធ្វើអធិការកិច្ចតែម្តង។

អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បញ្ជាក់ថា រាល់ការចុះបំពេញការងាររបស់​ថ្នាក់ដឹកនាំ និងម​ន្ត្រីរបស់ខ្លួន ត្រូវមានលិខិតបង្គាប់ការ និងឯកសារនានាចេញដោ​យ​​ថ្នាក់ដឹកនាំក្រសួង​តាម​ឋានានុក្រម។ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អគ្គាធិការដ្ឋានបំពេញ​ការងារដោយ​គោរព​ច្បាប់ និងប្រកបដោយក្រមសីលធម៌វីជ្ជាជីវៈ។

ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ និងចាញ់បោកជនខិលខូច ជាជន​ឱកាស​និ​យម​ទាំងនោះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់​សាធារណៈជន និងអង្គ​ភាពនានាចំណុះក្រសួងមហាផ្ទៃ ផ្តល់ព័ត៌មាន​មកអគ្គាធិការដ្ឋាន ក្នុងការចាត់​ វិធានការ​តាមផ្លូវ​ច្បា​ប់។

អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងអង្គភាពនានា​ចំ​ណុះក្រសួងមហាផ្ទៃ នឹងចូលរួមសហការផ្តល់ព័ត៌មានបានទាន់ពេលវេលា៕(ដោយ៖ ឡេង ដេត)