ក្រោយបង្ហោះសារឌឺដងគ្នា, ទីបំផុតលោក ពេជ្រ ស្រស់ សម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ទៅកាន់អង្គភាព ACU នៅថ្ងៃស្អែក ពាក់ព័ន្ធនឹងលុយចូលបុណ្យ៥០០០ដុល្លារ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ក្នុងនាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានអះអាងប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងថា លោកសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ អ្នកលេង Facebook សកម្មម្នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ដើម្បីសុំឱ្យស៊ើបអង្កេតពាក់ព័ន្ធនឹងថវិកា៥០០០ដុល្លារ ដែលយកទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។

លោក ពេជ្រ ស្រស់ បានបង្ហាញការសង្ស័យចំពោះសកម្មភាពរបស់ លោក ផែង វណ្ណៈ ដែលនាំយកថវិកាពីម្ចាស់រថយន្តបង្កហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យនិស្សិតឆ្នើមម្នាក់ស្លាប់ ទៅចូលបុណ្យជំនួសជនល្មើស គ្រាដែលក្រុមគ្រួសារជនរងគ្រោះ កំពុងចង់ឃើញជនបង្កពិតប្រាកដទៅសុំទោស និងគោរពវិញ្ញាណក្ខន្ធសព ដោយផ្ទាល់ ដោយមិនចង់ឃើញតែលុយចូលបុណ្យនោះទេ។

សាធារណជនជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានរិះគន់យ៉ាងចាស់ដៃលើ លោក ផែង វណ្ណៈ ដោយអ្នកខ្លះលើកឡើងថា លោកធ្លាប់ចេញមុខការពារជនរងគ្រោះ បែរជាពេលនេះលោកចេញមុខជួយធ្វើជាអ្នកតំណាងម្ចាស់រថយន្តបង្កហេតុយ៉ាងចម្លែកទៅវិញ។

សូមបញ្ជាក់ថា លោក យិន ហ្គិច ជនដែលចេញមុខទទួលខុសត្រូវលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកសម្លាប់និស្សិត «ផារ៉ាហ្គន» នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារអាមេរិកតាមរយៈលោក ផែង វណ្ណៈ ដើម្បីចូលបុណ្យសពកញ្ញា ឌុំ រីដា នៅគេហដ្ឋានរបស់សពក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មរណភាពរបស់កញ្ញា ឌុំ រីដា ដែលជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ នៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់» កំពុងនាំមកនូវក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេកសម្រាប់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងគ្រូនៅសាកលវិទ្យាល័យ។

មកដល់ពេលនេះលោក យិន ហ្គិច ម្ចាស់រថយន្តបុកកញ្ញា ឌុំ រីដា ម៉ាករ៉ែងរ៉ូវើ ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បានចេញមករ៉ាប់រងលើហេតុការណ៍នេះហើយ។ ទោះជាយ៉ាងណា អ្នកបើកបររថយន្តបុកជនរងគ្រោះពិតប្រាកដនោះ មិនទាន់ចាប់ខ្លួនបាននៅឡើយទេ តែសមត្ថកិច្ច បានលួចបង្ហើបប្រាប់ Fresh News ឱ្យដឹងថា ខ្លួនបានកំណត់មុខសញ្ញាបានអស់ហើយ នៅថ្ងៃទី២៧ ខែមីនានេះ៕