ព្រឹកថ្ងៃនេះសម្តេចតេជោ អញ្ជើញអបអរសាទរខួប១០០ឆ្នាំថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប១០០ឆ្នាំថ្ងៃបង្កើតបង្កើតអង្គការអន្តរជាតិខាងការងារ (ILO) និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO។

អង្គការអន្តរជាតិខាងការងារ គឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ ក្នុងរយៈពេល ១០០ឆ្នាំកន្លងមកនេះ អង្គការអន្តរជាតិខាងការងារបានអនុម័តអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៨៩ ពិធីសារចំនួន៦ និងអនុសាសន៍ចំនួន២០៥ ដើម្បីជាបទដ្ឋានរួមសម្រាប់ប្រទេសជាសមាជិកក្នុងការអភិវឌ្ឍពិភពការងារប្រកបដោយសុខដុមរមនា និងចីរភាព។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ លោករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល ៥០ឆ្នាំមកនេះ កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលទាំង៨ គឺអនុសញ្ញាលេខ២៩, លេខ៨៧, លេខ៩៨, លេខ១០០, លេខ១០៥, លេខ១១១, លេខ១៣៨, លេខ១៨២, និងអនុសញ្ញាបច្ចេកទេសចំនួន៤ គឺអនុសញ្ញាលេខ៤, លេខ៦, លេខ១៣, លេខ១៥០ ព្រមទាំងអនុសញ្ញាអាទិភាពចំនួន១ គឺអនុសញ្ញាលេខ១២២។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឲ្យដឹងដែរថា ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការអន្តរជាតិខាងការងារ និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ និងបានចែករំលែកនូវបទពិសោធន៍ល្អៗដល់ប្រទេសជាមិត្តមួយចំនួន។

កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារាចរណ៍ណែនាំមួយស្តីពីការរៀបចំខួប ១០០ឆ្នាំ របស់អង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាចូលជាសមាជិករបស់ ILO ផងដែរ។ ក្នុងសារាចរណ៍នោះសម្តេចតេជោ បានណែនាំឲ្យតាមក្រសួងស្ថាប័នរបស់រដ្ឋ និងនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានការងាររួមគ្នាធ្វើសកម្មភាពផ្សេងៗ ដើម្បីលើកកម្ពស់វិស័យការងារ និងការយល់ដឹងពីសិទ្ធិការងារជាដើម៕