លោក អ៊ាង សុផល្លែត ចូលរួមសន្និសីទឆ្នាំ២០១៩ ស្តីពី «វេទិកាប័រអាវសម្រាប់អាស៊ី» នៅប្រទេសចិន

ចិន៖ តមតាមការអញ្ជើញរបស់លេខាធិការដ្ឋាននៃសន្និសីទ និងក្រសួងធនធានធម្មជាតិចិន លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងសន្និសីទឆ្នាំ២០១៩ ស្តីពី «វេទិកាប័រអាវសម្រាប់អាស៊ី» និងអញ្ជើញជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់នៃវេទិកាស្តីពី «Deep Blue: The Familiar Unknown» ដែលរៀបចំឡើងពីថ្ងៃទី២៦-២៩ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងប័រអាវ ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន។

នៅឆ្នាំ២០១៩នេះ «វេទិកាប័រអាវសម្រាប់អាស៊ី» ធ្វើឡើងក្រោមគោលគំនិត អនាគតរួម សកម្មភាពរួម ការអភិវឌ្ឍរួម (Shared Future, Concerted Action, Common Development) ដោយមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំកំពូលមកពីបណ្តានានាជាច្រើនផងដែរ។

គោលគំនិតជាសំខាន់នៃវេទិកាស្តីពី «Deep Blue: The Familiar Unknown» ជាការពិភាក្សាលើការប្រើប្រាស់ និងទាញយកនូវអត្ថប្រយោជន៍ពីមហាសមុទ្រ និងសមុទ្រដោយនិរន្តភាព ដែលកន្លងមកមាននទំនាក់ទំនងយ៉ាងខ្លាំជាមួយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវិតប្រចាំថ្ងៃ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ពីទស្សនៈនៃ Blue Economy ដោយផ្តោតលើការប្រើប្រាស់ដោយនិរន្តភាពនៃធនធានសមុទ្រសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ដែលពឹងផ្អែកលើសមុទ្រ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ពីទំនាក់ទំនងរវាងសមុទ្រ និងជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ ដោយយោងទៅលើការសិក្សារបស់ FAO និង IUCN ជាដើម និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលពិភពលោកជួបប្រទះក្នុងការអភិរក្ស និងការពារសមុទ្រ និងការបង្កើននូវកិច្ចសហប្រតិបត្តិការជាសាកលក្នុងការការពារសមុទ្រដើម្បីកំណើនសេដ្ឋកិច្ចររួមគ្នា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការក៏បានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាបានអនុវត្តកន្លងមកក្នុងការរួមចំណែកជាសកលដើម្បីរក្សានូវនិរន្តភាពសមុទ្រទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ដោយអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី១៤។

សូមបញ្ជាក់ថា វេទិកាប័រអាវសម្រាប់អាស៊ី គឺជាវេទិកាប្រចាំឆ្នាំ នៃស្ថាប័នអន្តរជាតិមិនមែនរដ្ឋាភិបាល ដែលបានកកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ហ្វីលីពីន អូស្រ្តាលី និងប្រទេសជប៉ុន។ មកដល់បច្ចុប្បន្ន វេទិកានេះទទួលបានការគាំទ្រជាខ្លាំងពីបណ្តាប្រទេសអាស៊ី និងទាក់ទាញនូវចំណាប់អារម្មណ៍ពីពិភពលោកទាំងមូលផងដែរ។

តាមរយៈកិច្ចសន្ទនានិងពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកគ្រប់គ្រងឧស្សាហកម្ម និងពាណិជ្ជកម្ម និងអ្នកសិក្សាស្រាវជ្រាវនានា ដែលតែងតែជួបគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សា និងដោះដូរយោបល់ ក្នុងគោលបំណងជម្រុញការអភិវឌ្ឍន៍ដើម្បីកំណើនតំបន់អាស៊ីតាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការតភ្ជាប់តំបន់អាស៊ីជាមួយពិភពលោក៕