អាជ្ញាធរខេត្តរតនគិរី​ បើក​វេទិកា​សម្រប​សម្រួល​ដី​សម្បទាន​រវាង​ក្រុមហ៊ុន​វៀតណាម ជាមួយ​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិចក្រោយ​មាន​ជម្លោះ

រតនគិរីៈ អាជ្ញាធរ​ខេត្ត​រតនគិរី​ បានរៀប​ចំ​វេទិកា​មួយកាលពី​ថ្ងៃទី ២៦​ ខែ មីនា ​ដើម្បី​សម្រប​សម្រួល​ដីសម្ប​ទាន ​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​វៀត​ណាម​ Hoang Anh Gia Lai (HAGL) ជាមួយ​អ្នកភូមិ ​ទាក់ទង​នឹង​ដី​អារក្ស ​និង​ភ្នំ​អារក្ស ​របស់​ជនជាតិ​ដើម​ភាគតិច​ដែលមិន​ទាន់​បាន​ប្រគល់​ដី​ឲ្យ​នៅ​ឡើយ​ ដោយ​អ្នកភូមិ​ និង​ក្រុមហ៊ុន​បាន​សម្បទាន​ដី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ សយ សូណា ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត​រតនគិរី​ បាន​ប្រាប់​ ស្កាយរ៉េតឌីអូ ​ថា ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​រៀបចំ​វេទិកា​ដើម្បី​សម្របសម្រួល​ដី​សម្ប​ទាន​រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​​វៀតណាម​ Hoang Anh Gia Lai ជាមួយ​អ្នក​ភូមិ​ទាក់ទង​នឹង​ដីអារក្ស និង​ភ្នំអារក្ស​របស់​ជនជាតិ​ដើមភាគតិច ប៉ុន្តែ​មិន​ទាន់​បាន​ប្រគល់​ដីឱ្យ​នៅ​ឡើយ​ទេ។ អ្នក​ភូមិ និង​ក្រុមហ៊ុន​បាន​សម្បទាន​ដី​ឱ្យ​គ្នា​ទៅវិញ​ទៅមក។

លោកបន្តថា៖ «កិច្ចការ​នេះ​យើង​ធ្វើ​ទៅបាន​លុះត្រាតែ​យើង​ធ្វើលិខិត​សុំ​ទៅ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​អនុប្បយោគដើម្បី​ផ្ទេរឱ្យ​ប្រជាជន​យ៉ាងម៉េច ​ចាំ​ក្រុមការងារ​ថ្នាក់​​ជាតិ​ចុះ​មកទៀត​។ ដី​សម្ប​ទាន​សេដ្ឋកិច្ច​ហ្នឹង​រដ្ឋ​វិនិយោគ​ឱ្យក្រុមហ៊ុន​ហើយ​។ មាន​ប្លង់​មាន​អី​អស់​ហើយ។ ខេត្ត​នឹង​ធ្វើសំណើ និង​របាយ​ការណ៍​ទៅ​ក្រសួង​កសិកម្ម​បន្ត​ទៀត»។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ត្រូវបាន​គេ​មើល​ឃើញថា​បានរង​ផល​ប៉ះពាល់​ពី​ជម្លោះ​ដីធ្លី​រយៈពេល ១ ​ទសវត្សរ៍​មកហើយ​ជាមួយ​ក្រុមហ៊ុន​ HAGL ដោយសារ​ដី​អារក្ស​របស់​ពួកគេ​ត្រូវ​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ដើម្បី​ដាំ​ចម្ការកៅស៊ូ​ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ។​ ករណីនេះ ​ពួកគេ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍ ​តាំងពី​ឆ្នាំ ២០១៤ ផងដែរ។

អ្នក​ស្រី ​ដាំ ចន្ធី ​នាយិកា​ប្រតិបត្តិ ​អង្គការ​សហគមន៍​ខ្មែរ​លើ ​ត្រូវបាន​ស្រង់​ប្រសាសន៍​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​អង្គការ Inclusive Development International ថា​៖ «សេចក្តីសម្រេច​ថ្ងៃនេះ​គឺជា​ការទទួល​ស្គាល់​សិទ្ធិ​ដីធ្លី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​ផលប្រយោជន៍​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​សូមកោត​សរសើរ​ចំពោះ​រដ្ឋាភិបាល ​ដែល​ធ្វើរឿង​ត្រឹម​ត្រូវ ​ហើយ​តម្កល់​ផល​ប្រយោជន៍​ប្រជាជន​មុនគេ»។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ​នៅក្នុង​សិក្ខា​សាលា​កាលពី​ថ្ងៃអង្គារ​ អភិបាល​ខេត្ត​រតនគិរី​បាន​ស្នើដល់​ក្រសួង​កសិកម្ម​ដើម្បី​កាត់​ផ្តាច់​តំបន់​មាន​ជម្លោះ​ចំនួន​ ៦៤ ដែល​រួមមាន​ភ្នំ​អារក្ស ​ដី​ចម្ការ ​តំបន់បរបាញ់​សត្វ​តាម​បែប​ប្រពៃណី ​និង​កន្លែង​កប់​សព​ សម្រាប់​ជនជាតិ​ដើម​ភាគតិច​ដើម្បី​អនុវត្ត​ជំនឿ​សាសនា ​ប្រពៃណី ​និង​វប្បធម៌ ​​និង​ដើម្បី​ទ្រទ្រង់​ជីវភាព​រស់​នៅ​របស់​ពួកគេ។

លោក ​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​ប្រាប់​ស្កាយរ៉េតឌីអូថា ​មូលហេតុ​ដែល​ឈាន​ដល់​ការ​រៀបចំវេទិកា​សម្រប​សម្រួល​​ដី​អារក្ស​នេះ​ដំបូង​ឡើយ​មាន​ការ​រៀបចំ​យន្តការ​សម្រប​សម្រួល​មួយ ​ដែល​សម្រប​សម្រួល​ដោយអង្គការ​ឃ្លាំមើលឯក​រាជ្យ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ធនាគារ​ពិភពលោក ​កាល​ពី​ប្រមាណ ​៣ ឆ្នាំមុន ​ដែល​មាន​ការ​​ចូលរួម​ពី​រដ្ឋបាល​ខេត្ត ​មន្ទីរ​ពាក់ព័ន្ធ ​ក្រុមហ៊ុន ​សហគមន៍ ​និង​អង្គការ​នានា ​ហើយ​ចុះ​វាស់វែង​ទៅ​ដល់​ទីតាំង​មាន​ជម្លោះ។

លោកថាជាលទ្ធផល ​ក្រុម​ការងារ​សម្រេច​ថា​តំបន់​ដែល​រងផល​ប៉ះពាល់​ត្រូវ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ។ លោក​បន្តថា ​តាម​រយៈ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ២៦ ​ខែ មីនា ​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា​ នឹង​ផ្តល់​ដី​ដែល​បាន​ធ្វើការ​វាស់​វែង​ជូន​ប្រជា​ពលរដ្ឋ​វិញ។

លោក ​អៀង វុទ្ធី ​និយាយថា ​អ្វីដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​ការ​វាស់វែង​ផលប៉ះពាល់​ទៅលើ​ដី​សហគមន៍​មាន​ជាង​ ៦០​ កន្លែង ​ប៉ុន្តែ​អ្វី​ដែល​ក្រុមហ៊ុន​បាន​ឯកភាព​ក្នុង​ការ​ផ្តល់​ដី​មក​សហ​គមន៍​វិញ​មាន​ចំនួន ២០ ទីតាំង។

លោក​ វុទ្ធី ​បញ្ជាក់ថា​៖ «ជាក់​ស្តែង​ក្រុមហ៊ុន​គាត់​ឯកភាព​ ២០ ការ​សម្រេច​​យ៉ាងណា ​អាហ្នឹង​នៅលើ​រដ្ឋាភិបាល ​ព្រោះ​មាន​តំបន់​ខ្លះ​មានការ​ដាំដុះ​ហើយ​។ អ៊ីចឹង​ប្រជាពលរដ្ឋ ​និង​អ្នកពាក់ព័ន្ធ ​រួមទាំង​មន្ត្រី​ខេត្ត​ក៏បានចុះ​ទៅ​ដល់​ទីតាំង​ហ្នឹង​ហើយ ​ធ្វើការ​វាស់ វែង ​ហើយ​រៀបចំ​ជារបាយការណ៍​រួច​ហើយ​ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ម៉េចយើង​អត់​ដឹង​ទេ។ អ្វី​ដែល​យើង​ដឹង​ក្រុមហ៊ុន​ឯកភាព​ផ្តល់​មក​វិញ ២០ ទីតាំង»។

លោក​ អៀង វុទ្ធី ​បន្តថា ​អ្វី​ដែល​ក្រុមការងារ ​និង​ភាគី​ពាក់ព័ន្ធ​កំពុង​តែធ្វើការងារនេះ​គឺ​ដើម្បី​ជួយ​សម្រប​សម្រួល​ឱ្យវិវាទ​រវាង​ក្រុមហ៊ុន ​និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​រក​ដំណោះ​ស្រាយ​ចេញ​ទៅ​ថ្ងៃ​មុខ​ទៀត។​

លោក ​សេវ ស៊ើន ​តំណាង​សហគមន៍​មកពី​ភូមិ​កាក់ ​បានប្រាប់ថា​ លោក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ និង​អរគុណ ដែល​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ដីព្រៃ​ និង​ដី​អារក្ស​ដល់​សហគមន៍​របស់​គាត់​វិញ។

លោក​បញ្ជាក់ថា​៖ «អត់​មានការជំទាស់​អ្វីទេ​។ ខ្ញុំ​មានទំនៀម​ទម្លាប់​ប្រើប្រាស់​ភ្នំអារក្ស​។ ពេល​មាន​ការឈឺ​ថ្កាត់​ ទៅ​បន់ស្រន់​នៅ​កន្លែង​ហ្នឹង​វាជា»។

លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ ដោះ​ស្រាយ​ភ្នំអារក្ស​មួយ​ទៀតជូន​អ្នក​ភូមិ​របស់​គាត់​ដែល​ប្រើប្រាស់​ភ្នំអារក្ស​នេះ​រហូត​ដល់​ទៅ ១១០ គ្រួសារ៕