មន្ត្រីអាវុធហត្ថ ៣ នាក់​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈ​កំពុង​បើក​រថយន្ត​នាំមុខ​ក្បួន​ប្រតិភូ

កោះកុងៈ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង​ ៣ នាក់​បាន​រង​របួស​ស្រាល ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ​គ្រា​ដែល​ពួកគាត់​កំពុង​បំពេញ​បេសកកម្ម​ការងារ​ បើករថយន្ត​ស៊ឺរ៉ែននាំមុខ​ក្បួន​រថយន្ត​​ប្រតិភូ​វៀតណាម ​នៅ​លើ​កំណាត់​​ផ្លូវជាតិ​លេខ​ ៤៨ ​ ស្ថិត​ក្នុង​ភូមិ​ឈូក​ ឃុំ​ជីខ​លើ ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង។

លោក ​សេង ធាន ​នាយ​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង​ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅថ្ងៃ​ពុធ​ថា ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ​ដែលរង​គ្រោះ​ថ្នាក់​ក្នុង​ហេតុការណ៍​គ្រោះ​​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ រួមមាន​ឈ្មោះ ​គឹម ឌីណា ​អាយុ ៤៥​ ឆ្នាំ​ ជាអ្នក​បើកបរ​រថយន្ត​ស៊ឺរ៉ែន ​ម៉ាក​ 4 RUNER ​និង​ ២ នាក់​ទៀត​ គឺ​ម្នាក់​ឈ្មោះ​ សុខ សារឿន ​និង​ ម្នាក់​ទៀត​ឈ្មោះ​ ឆុន ឆៃយ៉ា ​ជាអ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នោះ។

ចំណែក​អ្នកបើក​រថយន្ត​បង្ក​ហេតុ​ឈ្មោះ ​វ៉ាន់ ថុង ​អាយុ ​៤៨​ ឆ្នាំ ​ជាមន្ត្រី​នៃ​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​កោះកុង​ និងមានលំ​អចិន្រៃ្តយ៍​​នៅ​ភូមិ ៦ ​សង្កាត់​ទួលស្វាយ​ព្រៃ​ទី ១ ​ខណ្ឌ​ចំកាមន​ រាជធានី​ភ្នំពេញ។

លោក​ ធាន ​បានបញ្ជាក់​ថា​៖ ​«យោង​តាម​ការវាស់​វែង​នៅ​កន្លែង​កើត​ហេតុ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ​បង្ក​ឡើង​ដោយ​អ្នក​បើក​បរ​រថយន្ត ​LEXUS បើកបរ​ក្នុង​ល្បឿន​លឿន ​ក្នុង​ស្ថានភាព​ផ្លូវ​មាន​គ្រោះ​ថ្នាក់ ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន»។

លោក​បានបន្តថា​ ទោះជាបែបណាក្ដី ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ ​ភាគី​ទាំង ២ ​បានសម្រុះ​សម្រួល​គ្នា​នៅ​នឹង​កន្លែង​កើត​ហេតុ​រួចរាល់​ហើយ ​ដោយ​ភាគី​បង្ក​បានទទួល​កំហុស ​និងយល់​ព្រម​ចេញ​ថ្លៃ​ជួសជុល​រថយន្ត​របស់​ភាគី​ជនរងគ្រោះ​ទាំង​ស្រុង ​ជាថ្នូរ​ក្នុងការ​ទទួល​បានក្ដី​អនុគ្រោះ​ ពី​ខាង​ភាគី​ជន​រង​គ្រោះ។

បើយោងតាម​សម្ដី​របស់​លោក​ សេង ធាន ​នៅមុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅលិច​ក្នុង​ល្បឿន​លឿន ​ខណ:​​ស្ថានភាព​ផ្លូវ​កោង​និង​បត់​បែន​ច្រើន​កន្លែង។

លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ​ក៏បា​​​ន​រេចង្កូត​ចូល​ទៅ​ក្នុង​គន្លង​ផ្លូវ​ម្ខាង​ទៀត ​ស្របពេលដែល​រថយន្ត​ស៊ឺរ់ែន​នាំមុខ​ក្បួន​ប្រតិភូ​វៀតណាម​ មកដល់​ក៏បានបុក​ទៅលើ​រថយន្ត​ស៊ឺរ៉ែន​នោះ​ ហើយ​​រថយន្ត​ដឹក​ប្រតិភូ​វៀត​ណាម​ដែល​បើក​ពីក្រោយ​រថយន្ត​​ស៊ឺរ៉ែន​​នោះ ​ចាប់​ ហ្រ្វាំង​មិន​ទាន់​ក៏បុក​ពីក្រោយ​រថយន្ត​ស៊ឺរ៉ែន​នោះ​​ថែម​ទៀត ​បណ្ដាលឲ្យ​រថយន្ត​ទាំង ៣ ​គ្រឿង​រងការខូចខាត​យ៉ាង​ដំណំនិងបណ្ដា​ល​​ឲ្យមន្ត្រី​កងរាជ​អាវុធ​ហត្ថ​​ ៣ ​នាក់​ក្នុង​រថយន្ត​ស៊ឺរ៉ែន​នាំមុខ​​រងរបួស​ស្រាល​ផងដែរ៕