រដ្ឋាភិបាល​ នឹង​កែ​សម្រួល​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​

ភ្នំពេញៈ រដ្ឋាភិបាលនឹង​កែសម្រួល​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជា​ផ្នែក​មួយ​ក្នុង​កំណែ​ទម្រ​​ង់​ជា​កញ្ចប់​ដែល​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ ខណៈ​ដែល​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រា​ក​ប្រចាំ​ឆ្នាំ​ច្រើន​រហូត​ដល់​ ២៨​ ថ្ងៃ​​ហើយ​ប្រទេស​មួយ​ចំនួន ​គេ​ឈប់​សម្រាក​តែ​ ១១ ​ថ្ងៃ​ប៉ុណ្ណោះ។

នេះ​ជា​អ្វី​ដែល សម្តេចតេជោ​​ ហ៊ុន សែ​ន​​ បាន​ថ្លែង​ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស​-​និស្សិត​ជិត​ ២ ពាន់​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។ លោក​ថ្លែង​ថា កម្ពុជា​ ​ជា​ប្រទេស​ក្រី​ក្រ ក៏ប៉ុន្តែ​ការ​ឈប់​សម្រាក​នៅ​ប្រទេស​នេះ​​ មាន​ចំនួន​ច្រើន​ជា​ង​ប្រទេស​អ្នក​មាន​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «សិង្ហបុរី​ គេ​សម្រាក​តែ ១១ ថ្ងៃ​ទេ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ ២៨ ថ្ងៃ ទៅ​ ៣០ ​ថ្ងៃ។ អ៊ីចឹង​ប្រទេស​យើង​ក្រ​ ប៉ុន្តែ​យើង​ឈប់​សម្រា​ក​ច្រើន​ណាស់។ ដូច្នេះ​សុំ​ការយោគ​យល់​ អធ្យា​ស្រ័យ​ បើ​មិន​អ៊ីចឹង អ្នក​រក​ស៊ី​ទាំង​អស់​រត់​ចោល​យើង​ទាំង​អស់ ដោយសារ​តែ​ម្ខាង​​ឡើង​ប្រាក់​ខែ ម្ខាង​ទៀត​ឈប់​សម្រាក​កាន់​តែ​ច្រើន​។ អ៊ីចឹង​ទេ​ឆ្នាំ​ក្រោយ​អាច​នឹង​កាត់​បន្ថយ​ថ្ងៃ​សម្រាក»។

លោក​ពន្យល់​ថា ចំនួន​ថ្ងៃ​សម្រាកនៅ​ដដែល ​ប៉ុន្តែ​ជាក់​​ស្ដែង​អ្នក​ធ្វើ​ការ ​មិន​សម្រាក​ទេ ​ដោយ​​​យក​ថ្ងៃ​សម្រាក​នោះ​ ទៅ​បូក​ជាមួយ​ថ្ងៃ​សម្រាក​សំខាន់​ៗ​ ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ធ្វើ​ឲ្យ​ថ្ងៃ​សម្រាក​នៃ​បុណ្យ​ធំ​ៗ​ទាំង ២ នេះ ​មាន​រយៈពេល​យូរ​ជាង​មុន។

លោក​​ថា​ រដ្ឋាភិបាល​ នឹង​យក​បញ្ហា​នេះ​ទៅពិភាក្សា​ ជាមួយ​នឹង​វិស័យ​ឯកជន។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​បញ្ហា​នេះ​គឺ​ជា​​​បញ្ហា​រសើប​មួយ​ ដែល​សុំ​ការ​​យោគ​យល់​ទុក​ជា​មុន​ បើ​មិន​អ៊ី​​ចឹង​ទេ​ អ្នក​រកស៊ី​នៅ​ប្រទេ​ស​របស់​យើង យើងគិត​តែ​ទារ​ឡើ​ង​ប្រាក់​ខែ ជាមួយ​គ្នា​ទារ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​កាន់​តែ​ច្រើន។​ អ៊ី​ចឹង​អ្នក​រកស៊ី​នឹង​ចាក​ចេញ​ពី​យើង»។

ការ​កែ​ប្រែ​លើ​ការ​ឈប់​ស​ម្រា​​ក​នេះ គឺ​ជាផ្នែក​តូច​មួយ​ នៃកំណែ​ទម្រង់​ខ្នាតធំ ដែ​ល​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ប្រកា​​ស​​នៅ​ថ្ងៃ​សុក្រ​​ស្អែក​នេះ ដែល​ជា​វិធានការ​មួយ​ សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា នៅ​ខណៈ​ពេល​ដែល​សហភាព​អឺរ៉ុ​ប​ កំពុង​ដំណើរ​ការ​ដែល​អាច​ឈា​ន​ដល់​ការ​ផ្អាក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លោក​ ហ៊ុន សែន ​ថ្លែង​ថា លោកនឹង​ប្រើ​ពេល​រហូត​ដល់ ២​ ម៉ោង​កន្លះ​ក្នុង​ការ​ប្រកាស​កញ្ចប់​​កំណែ​ទម្រង់​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

លោក​ថ្លែង​ថា៖ «យើង​ធ្វើ​នេះ ​ដោយ​មិន​គិត​ថា​ មាន​ភាព​អនុគ្រោះ ឬ​អត់​ភាព​អនុគ្រោះ​គឺ​គិត​តែ​ពី​កម្លាំង​ខ្លួន​ឯង ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជាប្រទេស​មាន​ការ​អភិវឌ្ឍ​មួយ ​ដោយ​មិន​គិត​ថា​ ខ្លួន​​មាន​ភាព​អនុគ្រោះ​ពីអ្នក​ណាទាំង​អស់។ ដើម្បី​កុំ​ឲ្យ​ប្រទេស​របស់​យើង​ ត្រូវ​ទទួល​រង​ការ​ប្រមាថ​ ហើយ​កង្វល់​របស់​គេ​ត្រូវ​ចាប់​បង្ខំ​ឲ្យ​យើង​ជា​អ្នក​អនុវត្ត។ អត់​ទេ!»។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​ខ្ញុំ​ មាន​កង្វល់​ពី​អី​អ្នក​ឯង​អត់​យ​ល់​​ទេ អ្នក​ឯង​ចាប់​បង្ខំ​ឲ្យ​យើ​​​ង​ស្ដា​​ប់​អ្នក​ឯង​ពី​កង្វល់​រប​ស់​អ្នក​ឯង។ យើង​អត់​ទទួល​បាន​ទេ​អាហ្នឹង​​។ ដូច្នេះ​ មាន​តែ​វិធី​ដោះ​ស្រាយ​បញ្ហា​ កាត់​បន្ថយ​អ្វីដែល​វា​មិន​ចាំ​បាច់»។

លោក​បាន​លើក​ជា​ឧទាហរណ៍​សូម្បី​តែ​ស្កេនកុងតឺនឺរ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​លឿន​ដើម្បី​កុំ​ឲ្យ​មាន​ការ​កក ស្ទះ និង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម»។

សម្តេច ហ៊ុន សែ​ន​ កាល​ពី​ខែ​មុន​​បាន​ប្រកា​ស​​ធ្វើ​កំណែ​ទម្រង់​ខ្លះ​រួច​មក​ហើយ​ដើម្បី​សម្រួ​ល​បរិយាកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដែល​ក្នុង​នោះមាន​ការ​ដក​​​កាំ​កុង​ត្រូល និង​កាំសាប និង​ការ​សម្រួល​ក្នុង​ការ​នាំចេញ​មួយ​ចំនួន។

លោក​ថ្លែង​ថា បើ​សិន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ត្រូវ​បាន​គេ​កាត់​​នោះកម្ពុជា​នឹង​ធ្វើ​ពាណិ​ជ្ជ​​កម្ម​ដោយ​ត្រូវ​បង់​ពន្ធ​ទៅវិ​ញ​​​​ទៅ​មកហើយ​លោ​ក​នឹង​ឈប់​ឮ​ពាក្យ​បង្គាប់​ឲ្យ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ។

លោកថា៖ «កុំ​ឲ្យ​គេ​ថា ណែ​អញ​ឲ្យ​អានេះ ឯង​ធ្វើ​តាម​អញ​​។ អាហែង​មិន​ធ្វើ​តាម​អញអញ​ដក​​យក កុំ​ឲ្យ​និយា​យ​អា​ភាសា​ហ្នឹង​តទៅទៀត។ ខ្មែរ​កាលពី​ដើម​ មិន​មែន​ត្រឹម​តែ​គេ​ (ធ្វើ)​ប៉ុណ្ណឹង​ទេណា ខ្មែរ​ត្រូវ​គេ​ហ៊ុមព័ទ្ធ​ទាំង​នយោបាយ​ និង​សេដ្ឋ​កិច្ច​គ្រប់​ច្រក​ទាំងអស់ តែ​ខ្មែរ​អាច​រស់​បាន។​ តែ​នោះ​គឺ​ខ្មែរ ​ហ៊ុន សែន ដឹកនាំ ឥឡូវ​នៅតែ​ខ្មែរ​ ហ៊ុន សែន ដឹកនាំ​ដដែល​ទេ។ តែ​ ហ៊ុន សែន នឹង​ដឹកនាំ​សេដ្ឋកិច្ច​នេះ​ ឲ្យ​រស់​រវើក​ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​កន្លង​ទៅ ​៧,​៥ ​ភាគ​រយ។ រក្សា​នៅ​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​យើង ​ជុំ​វិញ​ ៧ ​ភាគ​រយ​តទៅ ទៀត»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​និង​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​​ការងារ​ថ្លែង​ថា លោក​មិន​មាន​ព័ត៌មាន អំពី​ការ​​ប្ដូរ​ថ្ងៃ​ឈប់​សម្រាក​ទេ។

លោក សុខ សុគន្ធ អ្នក​វិភាគ​នយោបាយ ​ដែលកំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ថ្លែង​ថា កំណែ​ទម្រង់​បែប​នេះ​ជា​ការ​ល្អ​សម្រា​ប់​​ការ​វិនិយោគ​នៅ​កម្ពុជា។

ប៉ុន្តែ​លោក​ថា​ នៅ​សហរដ្ឋ​អាមេរិក​ការ​​ទូទា​ត់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​មាន​ទម្រង់​ផ្សេង។ «នៅ​សហរដ្ឋ​អាមេរិកថ្ងៃ​ឈប់​សម្រា​ក​ ដែល​ប្រកាស​សម្រាប់​​រដ្ឋ​សហព័ន្ធ​ទាំង​អស់​មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​កម្រៃ​ទេ។ និយោ​ជក់​ អនុញ្ញាត​ឲ្យ​បុគ្គលិក​ឈប់​សម្រាក​ ប៉ុន្តែ​ច្បាប់​មិន​តម្រូវ​ឲ្យ​និយោជក់​ផ្ដល់​ប្រាក់​កម្រៃ​ទេ»។

លោក​ថា បញ្ហា​ខុស​គ្នា​ពី​​អាមេរិក​គឺ​ថា នៅ​កម្ពុជា​ និយោជិត​​ មិន​មាន​ការ​ឈប់​សម្រាក​រយៈពេល​វែង ​ឬ «វ៉ាកង» ទេ។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា ថ្ងៃ​សម្រាក​ខ្លះ​ គួរ​ត្រូវ​បាន​កាត់​ ប៉ុន្តែថ្ងៃ​សម្រាក​ខ្លះ​​គួរ​ត្រូវ​រក្សា​ទុក​ដដែល​។ លោក​ថា​ លោក​ធ្លាប់​នៅប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើ​ជា​​ង​កម្ពុជា​ដូច​ជា​សិង្ហ​​បុរី ​និង​ហុងកុង ដែល​នៅទី​នោះ​ គេ​ឈប់​សម្រាក​តែ​​ ១​ ថ្ងៃ​កន្លះ​​ប៉ុណ្ណោះក្នុង ​១ សប្តាហ៍​។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនា​គត់​ថ្លែង​ថា​ កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ពេក ប៉ុន្តែ​ក៏​មាន​ថ្ងៃ​ធ្វើ​​ការ​ច្រើន​ដល់​ទៅ​​ ៦ ​ថ្ងៃ ឬ​ស្មើ​នឹង​ ៤៨​ ម៉ោង​មួយ​សប្ដាហ៍។

​លោក​ថា​ កម្ពុជា​គួរ​តែ​ធ្វើ​តាម​ការ​​អនុវត្ត​ជា​អន្តរជាតិ​គឺ​កាត់​បន្ថយ​ថ្ងៃ​ធ្វើ​ការ​ប្រចាំ​សប្ដាហ៍ មក​​ត្រឹម​ ៥​ ថ្ងៃ ឬ​ស្មើ​ ៤០​ ម៉ោង ហើ​យ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​បុ​ណ្យ​ដោយ​ទុក​ក្នុង​ចំនួន​មួយ​សមរម្យ។ «ខ្ញុំ​គាំទ្រ​ការ​មាន​វេន​ធ្វើការ​ បត់​បែន​បានគឺ​ឲ្យ​និយោជកនិ​ង​និយោជិត​សម្រេច ជា​ជាង​​ការ​កំណត់​ដោយ​រដ្ឋាភិបាល។ ឧទាហរណ៍​មួយគឺ​បុណ្យ​ចូល​ឆ្នាំ​​ចិន។ ជា​ទូទៅ​មនុស្ស​សម្រេ​ច​ចិត្ត​ថា​ គេ​ចង់​បាន​ថ្ងៃ​ឈប់​ថ្ងៃ​ណា​ ហើយ​ទាំង​នោះ​មិន​មែន​កំណ​ត់​ដោយ​រដ្ឋាភិបាល​ទេ»៕