អ្នកកីឡា​ ៣២០ ​នាក់​ទទួល​បាន​បណ្ណ​ បសស ព្យាបាល​ជំងឺ​មិន​គិត​ថ្លៃ

ភ្នំពេញ: ក្តីរំពឹង និង​ការរង់ចាំ​យ៉ាងយូរ​មកហើយ​របស់​អត្តពលិក​គ្រូបង្វឹក និង​មន្ត្រី​កីឡា ដើម្បី​ទទួល​បាន​បណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅថា បសស សម្រាប់​ការព្យាបាល​ជំងឺ​ដោយ​មិន​បង់លុយ​នោះ​ត្រូវបាន​ផ្តល់​ជូន​ជា​ជំហាន​ដំបូង​ចំនួន​ ៣២០ ​នាក់​ហើយ​។ នេះ​បើ​តាម​លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ប្រាប់​កាលពី​ព្រឹក​ម្សិលមិញ​។

លោក វ៉ាត់ ចំរើន ថ្លែង​ថា​៖ «​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដើម្បី​ផ្តល់ជូន​អត្តពលិក គ្រូបង្វឹក និង​មន្ត្រី​កីឡា​កម្រិត​ខ្ពស់​ដោយ​ចាប់ផ្តើម​ពី​ក្រុម​ជម្រើស​ជាតិ ហើយ​ជា​បន្តបន្ទាប់​នឹង​ផ្តល់ជូន​កម្រិត​សហព័ន្ធ សមាគម ឬ​ក្លិប​តាម​លក្ខណៈ​ជាក់ស្តែង​ទៅ​តាម​ជំហាន​ជា​លើក​ទី​ ២ ឬ​ទី​ ៣ ខណៈ​ជំហាន​ដំបូង​នេះ យើង​បាន​ទទួល​បណ្ណ​រួចហើយ​តាំងពី​សប្តាហ៍​មុន​គឺ​មាន​ចំនួន​សរុប​ ៣២០ ​នាក់​»​។

លោក ឯម ហៀង នាយក​រដ្ឋបាល NOCC ប្រាប់​ថា​៖ «​មន្ត្រី​កីឡា គ្រូបង្វឹក និង​អត្តពលិក​ចំនួន​ ៣២០ ​នាក់​ដែល​បាន​ទទួល​បាន​បណ្ណ​ បសស ​នេះ​គឺ​មាន​មកពី​ ១៧ ​សហព័ន្ធ​កីឡា​ជាតិ ហើយ​នេះ​ជា​ដំណោះស្រាយ​ជួយ​បាន​ល្អ​ប្រសើរ​ណាស់ ដើម្បី​ឲ្យ​ក្រុម​អ្នកកីឡា​ទទួល​បាន​សិទ្ធិ និង​ភាពកក់ក្តៅ ព្រោះ​បណ្ណ​នេះ​គឺ​ព្យាបាល​ជំងឺ​មិន​ត្រូវ​បង់ប្រាក់​ដែល​នាំ​ឲ្យ​មាន​ការលំបាក​ដល់​ជីវភាព​ឡើយ​»​។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹងថា នៅក្នុង​សហព័ន្ធ​យើង​ទទួល​បាន​ជា​លើកដំបូង​នូវ​បណ្ណ​ បសស នេះ​ចំនួន​ ៤៦ ​នាក់​ដែល​ភាគច្រើន​ជា​កីឡាករ ហើយ​តាម​ខ្ញុំ​ដឹង​នៅ​មាន​ជំហាន​ទី​ ២ និង​ទី​ ៣ ​ទៀត​ទៅ​តាម​គោលការណ៍​អនុវត្ត​របស់​ថ្នាក់ដឹកនាំ​។

លោក​បន្ថែម​ថា​កន្លងមក​កីឡាករ​របស់​យើង​ពេល​មាន​របួស ឬ​មាន​ជំងឺ​ផ្សេងៗ ត្រូវ​ដោះស្រាយ​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង​គឺ​មាន​ការលំបាក ប៉ុន្តែ​ពេល​ទទួល​បាន​បណ្ណ​ បសស ​នេះ​គឺ​ការព្យាបាល​មិន​អស់​លុយ ប៉ុន្តែ​យើង​នៅតែ​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព និង​មិន​បោះបង់​ការគាំទ្រ​នោះ​ទេ​។

លោក​វេជ្ជបណ្ឌិត វិន សំណាង នាយក​មន្ទីរពេទ្យ​ឯកជន​ឈ្មោះ ទេពមង្គល ដែល​មាន​ទីតាំង​នៅ​ផ្សារ​អង្គស្នួល​ប្រាប់​ថា មន្ទីរពេទ្យ​របស់​លោក​ពិនិត្យ​ព្យាបាល​អ្នកមាន​បណ្ណ​ បសស ដោយ​មិន​តម្រូវ​ឲ្យ​អ្នក​ជំងឺ​បង់ប្រាក់​ទេ ប៉ុន្តែ​លោក​មាន​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ ដើម្បី​ទូទាត់​ថ្លៃ​ព្យាបាល​។

អ្នកប្រដាល់ មុត ខ្លឹមខ្មៅ មកពី​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​នៅពេល​ដែល​ទទួល​បាន​បណ្ណ​ បសស នេះ​ព្រោះ​កីឡាករ​ប្រដាល់​កម្ពុជា​ភាគច្រើន​បំផុត​គឺ​ក្រីក្រ​ណាស់​ពេល​ឈឺ​ម្តងៗ​មាន​ការព្រួយចិត្ត​មែនទែន ហើយ​ក្នុង​នាម​កីឡាករ​គឺ​ ១០០ ​ភាគរយ​ចង់​បាន​បណ្ណ បសស នេះ​ដោយសារ​នៅពេល​ឈឺ គ្មាន​លទ្ធភាព​បង់លុយ​នោះ​ទេ​»៕