ស្រីលង្កា​ចាប់ផ្តើម​សង់​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ​ជិត $៤ ពាន់​លាន​ AFP | Publication date 27 March 2019 | 17:02 ICT

បរទេសៈ ប្រទេស ​ស្រីលង្កា ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ចាប់​ផ្តើម​ការ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​តម្លៃ​ជិត ៤ ពាន់​លាន​ដុល្លារ ដែល​ខ្លួន​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​​មាន​ចំណាប់​អារម្មណ៍​មក​វិនិយោគ​ នៅ​ប្រទេស​ខ្លួន​ឡើង​វិញ​ក្នុង​វិស័យ​ដឹកជញ្ជូន បន្ទាប់​ពី​ការ​ចូល​កាន់កាប់​កំពង់ផែ​ដែល​មាន​ទីតាំង​នៅ​ជិត​នោះ​ពី​សំណាក់​ប្រទេស ​ចិន បាន​បង្ក​ឲ្យ​វិនិយោគិន​អន្តរជាតិ​ព្រួយ​បារម្ភ។

លោក​នាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​ថ្លែង​ថា ស្រុក​ហាំបានតូតា​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ស្រីលង្កា និង​ជា​ទីតាំង​មួយ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​មមា​ញឹក​បំផុត​ក្នុង​ពិភព​លោក​នោះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​វិនិយោគ​ពិភព​លោក​មួយ​ ជាមួយ​នឹង​​​ការ​បន្ថែម​រោងចក្រ​ចម្រាញ់​ និង​ស្តុក​ប្រេង​នេះ។

គម្រោង​ដែល​មាន​តម្លៃ ៣,៨៥ ពាន់​លាន​ដុល្លារ​នេះ គឺ​ជា​ការ​វិនិយោគ​បរទេស​ធំ​បំផុត​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ស្រីលង្កា។ គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​មូលនិធិ​រួមគ្នា​ដោយ​ប្រទេស ​អូម៉ង់ និង​ក្រុមហ៊ុន Silver Park International ដែល​ចុះបញ្ជី​ក្នុង​ប្រទេស ​សិង្ហបុរី និង​ជា​ក្រុមហ៊ុន​​​​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​អ្នក​ជំនួញ​ជនជាតិ​ឥណ្ឌា។

រោងចក្រ​ចម្រាញ់​ប្រេង​នេះ​មាន​ទីតាំង​​ស្ថិត​នៅ​ជិត​កំពង់ផែ ហាំបានតូតា​ (Hambantota) ដែល​ត្រូវ​បាន​ជួល​ទាំង​ចម្រូង​ចម្រាស​ទៅ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន​ក្នុង​ឆ្នាំ ២០១៧ សម្រាប់​រយៈពេល ៩៩ ឆ្នាំ បន្ទាប់​ពី​ស្រីលង្កា​មិន​មាន​លទ្ធភាព​​​សង​បំណុល​ដែល​បាន​ខ្ចី​ពី​ទីក្រុង​ប៉េកាំង។

កាលៈទេសៈ​ដែល​កើត​មាន​ជុំវិញ​ការ​ ចូល​​កាន់កាប់​របស់​ចិន​ទៅ​លើ​កំពង់ផែ​នេះ បាន​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ​ក្នុង​ប្រទេស ​ឥណ្ឌា ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ស្រីលង្កា​ និង​ប្រទេស​ផ្សេងៗ​អំពី​ការ​ពង្រីក​វត្តមាន​របស់​ប្រទេស ​ចិន ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា។

លោក Wickremesinghe ក៏​បាន​ថ្លែង​​ផង​ដែរ​ថា លោក​សង្ឃឹម​ថា​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​​មួយ​ក្នុង​រយៈពេល ៣ ខែ​ជាមួយ​អាជ្ញាធរ​ព្រលាន​​យន្តហោះ​ឥណ្ឌា ដើម្បី​ធ្វើ​ឲ្យ​រស់រាន​ឡើង​​វិញ​នូវ​ព្រលាន​យន្តហោះ​តម្លៃ ២១០ លាន​ដុល្លារ ​ក្នុង​​ស្រុក ហាំបានតូតា​ នេះ​ដែល​​គេ​ហៅ​ថា​ជា «ព្រលាន​យន្តហោះ​គ្មាន​សកម្មភាព​បំផុត​នៅ​ក្នុង​ពិភព​​លោក» ដោយសារ​ខ្វះ​ជើង​ហោះហើរ​​ទៅ និងមក​កាន់​ព្រលាន​​នេះ។

ស៊ីទែន​ស្តុក​ប្រេង​ដែល​ស្ថិត​នៅ​ទីតាំង​រោងចក្រ​នេះ ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល ២ ឆ្នាំ ខណៈ​ដែល​រោងចក្រ​ចម្រាញ់​ប្រេង​គ្រោង​នឹង​បញ្ចប់ និង​ដំណើរការ​នៅ​ឆ្នាំ ២០២៣៕