កិច្ច​ព្រមព្រៀង ​ទិញ​លក់​យន្តហោះ​

បរទេសៈ​ ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​ដើម្បី​ទិញ​យន្តហោះ Airbus A320 ចំនួន ២៩០ គ្រឿង និង​យន្តហោះ Airbus A350 ចំនួន ១០ គ្រឿង​ពី​ក្រុមហ៊ុន Airbus។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ប្រធានាធិបតី​បារាំង។ ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង បាន​ពិភាក្សា​​ជា​មួយ​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង នៅ​វិមាន​អេលីហ្សេ ដោយ​លោក​បាន​ស្វាគមន៍​កិច្ច​ព្រមព្រៀង​ទិញ​លក់​នេះ​ថា​ជា «សញ្ញា​ដ៏​ប្រសើរ​» មួយ​នៃ​កម្លាំង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២។

មិន​មាន​ព័ត៌មាន​លម្អិត​ និង​​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ តែ​មាន​ការ​ប៉ាន់​ប្រមាណ​ថា ការ​ទិញ​លក់​នេះ​អាច​មាន​តម្លៃ​ប្រមាណ ៣៤ ពាន់​លាន​ដុល្លារ ​ដែល​ជា​តម្លៃ​ក្នុង​បញ្ជី។ ការ​បញ្ជា​ទិញ​នេះ ដែល​ដើម​ឡើយ​មាន​ចំនួន​តែ ១៨៤ គ្រឿង​ប៉ុណ្ណោះ​សម្រាប់​យន្តហោះ A320 សម្រាប់​ចែកចាយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១៣ នោះ​ត្រូវ​បាន​ប្រកាស​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាក្រុង​ ទៅ​កាន់​ប្រទេស ​ចិន ​កាល​ពី​ខែ ​មករា ឆ្នាំ ២០១៨។

កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ចន្ទ​​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក Guillaume Faury ប្រធាន​ផ្នែក​អាជីវកម្ម​លក់​យន្តហោះ​របស់​ក្រុមហ៊ុន Airbus និង​លោក Jia Baojun ប្រធាន​ក្រុមហ៊ុន China Aviation Supplies Co (CASC) ដោយ​មាន​ការ​ចូលរួម​ជា​សាក្សី​ពី​ប្រធានាធិបតី​ទាំង ​២៕