លោក ហ៊ុន ម៉ានី ជំរុញឱ្យមន្ត្រីពាក់ព័ន្ធក្នុងខេត្តរតនគិរី ត្រូវបន្តពង្រឹងការអប់រំដល់កុមារនៅគ្រប់មូលដ្ឋាន ដើម្បីឱ្យពួកគេចេះស្រលាញ់ការសិក្សា

រតនគិរី៖ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរខេត្តរតនគិរី និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវផ្តោតបន្ថែមលើការពង្រឹង ការអប់រំដល់កុមារតូចនៅគ្រប់មូលដ្ឋាន ដើម្បីបណ្តុះទឹកចិត្តពួកគេឱ្យចេះស្រលាញ់ការសិក្សាតាំងពីតូច និងជាដំណោះស្រាយមួយ ដែលអាចចូលរួមកាត់បន្ថយ ការបោះបង់ការសិក្សានាថ្ងៃក្រោយ។

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំរវាង ប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៍ និងទេសចរណ៍ នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តរតនគិរី ដោយមានការចូលរួមដោយលោល ថង សាវុន អភិបាលខេត្តរតនគិរី រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរនៃវិស័យទាំង៤ក្នុងបន្ទុក នៅសាលប្រជុំសាលាខេត្តរតនគិរី។

លោក ហ៊ុន ម៉ានី បានបន្តថា បញ្ហាប្រឈមចម្បង២ក្នុងវិស័យអប់រំនៃខេត្តរតនគិរី មានដូចជា ការបោះបង់ការ សិក្សារបស់សិស្សានុសិស្ស និងការអប់រំបណ្តុះបណ្តាលដល់សិស្សជនជាតិដើមភាគតិច នៅតាមបណ្តោយព្រំដែន ដែលបញ្ហាប្រឈមនេះមានភាពប្រហាក់ប្រហែលគ្នា ជាមួយនឹងបណ្តាខេត្តដទៃ ស្ថិតនៅតាមបណ្តោយព្រំដែន ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់។

ជាមួយគ្នានោះដែរលោកប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានធ្វើការពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែមជាលក្ខណៈប្រព័ន្ធ ដើម្បីឆ្លើយតបនូវបញ្ហាជាក់ស្តែង និងជាធាតុចូលដល់ការអនុវត្ត និងដាក់ជាផែនការបន្តបន្ទាប់ ហើយក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់តាមមន្ទីរ បន្តលើកកម្ពស់នឹងធានាគុណភាព ការអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គម ជាពិសេសធនធានសម្រាប់ខេត្តរតនគិរីផ្ទាល់តែម្តង ៕