Ronaldo រក​ចំណូល​ពី​ការផ្សាយ​ពាណិជ្ជកម្ម និង ថត​ស្ប៉ត​សឹង​តែ​បាន​ច្រើន​ជាង​លេង​បាល់​ទៀត​

ទស្សនាវដ្តី Forbes ដ៏​មាន​ប្រជាប្រិយភាព​​បំផុត​របស់​ពិភពលោក​បាន​ចុះផ្សាយ​ថា Ronaldo គឺ​ជា​អត្តពលិក​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៩៣ លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

ម្ចាស់​ពាន Ballon d’or ៥​សម័យ​កាល​នឹង​ចុះ​កុង​ត្រា​រយៈ​ពេល​៤​ឆ្នាំ​ទៀត​ជា​មួយ​ Real Madrid ក្នុង​នោះ​ប្រាក់​​បៀរវត្សន៍​ប្រចាំ​ឆ្នាំ​របស់ Ronaldo គឺ ៥៣ លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។

លើស​ពី​នោះ​ទៀត​កីឡាករ​វ័យ​៣២​ឆ្នាំ បាន​ចំណូល​ពី​ការ​​ថត​ស្ប៉ត ផ្សាយ​ពាណិជ្ជកម្ម និង តំណាង​ឲ្យ​ក្រុមហ៊ុន​​យក្ស​របស់​ពិភពលោក​ដូច​ជា នាឡិកា Tag Heuer, ផលិត​ផល​អាហារ​បំប៉ន Herbalife, ក្រុមហ៊ុន KFC និង សំលៀកបំពាក់​ម៉ាក Armani ជា​ដើម ដែល​ចំណូល​សរុប​ក្នុង​១​ឆ្នាំៗ​ប្រមាណ ៣៥ លាន​ដុល្លារ។

នេះ​មិន​រាប់​ដល់​ការ​ចុះ​កុងត្រា​តំណាង​ឲ្យ​ Nike ពេញ​មួយ​ជីវិត ដែល​ក្រុមហ៊ុន​នឹង​បង់​លុយ​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រ​ទុយហ្គាល់​នេះ​នូវ​ទឹក​ប្រាក់ ១ ប៊ីលាន​ដុល្លារ (១​ពាន់​លាន​ដុល្លារ)។

ជាង​នេះ​ទៅ​ទៀត កំលោះ​កូន​៣​នេះ មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ម៉ាក​ផលិតផល​ CR7 រួម​មាន​ស្បែកជើង លីអូ ទឹកអប់ ខោខូវប៊យ និង សណ្ឋាគារ។ កីឡាករ Ronaldo នៅ​តែ​ជា​អត្តពលិក​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភពលោក​ ដែល​មាន​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​ចំនួន ២៧៥ លាន​នាក់។ ប្រភព​ខាង​លើ​បន្ត៕

ប្រភព​ សប្បាយ