ប្រធានាធិបតី​តៃវ៉ាន់ ព្រមាន​ពីមេរៀន​របស់​ហុងកុង ហើយ​គ្រោង​ទិញ​យន្តហោះ F-16 និង​រថក្រោះ​ពី​អាមេរិក

(ចិន)៖ ប្រធានាធិបតី​តៃវ៉ាន់​លោក​ស្រី Tsai Ing-wen បាន​ប្តេជ្ញាការ​ពារ​អធិបតេយ្យភាព​កោះ​តៃវ៉ាន់ ដោយ​លោកស្រី​បាន​ព្រមាន​ពីមេរៀនរបស់​ហុងកុងថា ចិន​នឹង​មិន​អនុញ្ញាត​ឱ្យមាន​សេរីភាព​នៅក្នុង​ដែនដី​ដែលគេ​គ្រប់​គ្រងនោះទេ។ ការថ្លែងនេះ ធ្វើឡើង​កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០១៩ ក្នុង​អំឡុងពេល​ប្តូរជើងហោះហើរនៅ​កោះហាវ៉ៃ ខណៈដែលលោកស្រី​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​កោះ​មួយចំនួន​ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់។
លោកស្រី​អះអាង​ថា សកម្មភាព​របស់​ចិន បាន​ធ្វើឱ្យ​តៃវ៉ាន់​ដាច់ខាត​ត្រូវតែបង្កើន​សមត្ថភាព​ការពារ​ជាតិ។ «ច្បាស់ណាស់​ថា យើង​ស្វែង​រក​សន្តិភាព មិនមែន​ប្រទូស្តរាយ​ទេ។ ប៉ុន្តែ​យើង​ត្រូវតែមាន​សមត្ថភាព​ការពារ​សេរី​ភាព ប្រជាធិបតេយ្យ និង​វិធីនៃ​ការ​រស់នៅ​របស់​យើង»។

ប្រធានាធិបតី​រូបនេះ បាន​ក្រើន​រំលឹក​ថា អ្នកនយោបាយ​តៃវ៉ាន់ គួរ​តែ​យកចិត្តទុកដាក់​នឹងមេរៀនពី​ហុងកុង ដែល​ក្រុងប៉េកាំង បាន​គ្រប់គ្រង និង​​រឹត​បន្តឹងលើ​ក្រុម​ប្រឆាំង ​ក្នុងនោះ​រួមទាំង​ការ​ហាមឃាត់​គណបក្ស​ដែល​ចង់​បាន​ឯករាជ្យ​ហុងកុង​ផងដែរ។ «ហុងកុង​គឺ​ជាគំរូ​ដ៏​គួរឱ្យ​បារម្ភ​បំផុត។ វា​គឺជា​ករណី​សិក្សា​ដ៏​ល្អមួយ​សម្រាប់​តៃវ៉ាន់។ វាឆ្លុះ​បញ្ចាំង​ថា ប្រជាធិបតេយ្យ គឺ​មិនស្រប​ជាមួយនឹង​របប​ដឹកនាំ​របស់​ចិន​នោះទេ»។

ជាមួយគ្នា​នោះ លោកស្រី Tsai ក៏បាន​លាត​ត្រដាង​ឱ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​របស់​លោកស្រី បាន​បញ្ជូន​សំណើ​ទៅ​អាមេរិក ដើម្បី​ទិញ​យន្តហោះចម្បាំង F-16V និង​រថក្រោះ​ M1 Abrams ដើម្បី​ជំរុញសមត្ថភាព​កងទ័ព​ជើងគោក និង​អាកាស​របស់​តៃវ៉ាន់ និង​បង្ហាញ​ចំពោះ​ពិភពលោក​អំពីការតាំងចិត្ត​របស់​អាមេរិក ក្នុងការ​ការពារ​តៃវ៉ាន់៕