បកស្រាយ​អាថ៌កំបាំង​ ជុំវិញ​ខ្មោច​អគារ​ចាស់ៗ​នៅខេត្ត​​កែប

(កែប)៖ អ្នក​ដែល​ធ្លាប់​ទៅ​ទស្សនា​ខេត្ត​កែប ប្រាកដ​ជា​ឃើញខ្មោច​អគារ​ជា​ច្រើន​នៅ​អម​សង​ខាង​ផ្លូវ​។ អគារ​ភាគ​ច្រើន​បាក់​បែក ខ្លះ​ទៀត​នៅ​ល្អ ខ្លះ​ទៀត​ត្រូវ​បាន​គេ​ជួសជុល​ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ស្នាក់​នៅ ដោយ​រក្សា​ទម្រង់​ដើម​។ សរុប​ខ្មោច​អគារ​ទាំង​អស់ ទាំង​បាក់​បែក​ស្ទើរ​ទាំង​ស្រុង និង​នៅ​ល្អ មាន​ប្រហែល​ជិត​ ២០០​អគារ នៅ​រាយ​ប៉ាយ​ពាសពេញ​ខេត្ត​កែប​។

ប្រធាន​មន្ទីរ​ដែនដី នគរោបនីយកម្ម និង​សំណង់​ខេត្ត​កែប បាន​ឲ្យ​ដឹងថា អគារ​ចាស់ៗ​ទាំង​នេះ​ចាប់​ផ្ដើម​កសាង​ឡើង ដោយ​មាន​រចនាបថ​បែប​ខ្មែរ​ភាគ​ច្រើន នៅ​​មុន​ឆ្នាំ​ ១៩៤០​។ គេ​កត់​សម្គាល់​ឃើញ​ថា មាន​ស្ថាបត្យករ​ពីរ​រូប ដែល​មាន​ស្នាដៃ​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​ស្ថាបនា​អគារ​ទាំងនេះ គឺ​លោក វណ្ណ ម៉ូលីវណ្ណ និង​លោក លូ បានហាប់​។ បើ​តាម​អ្នក​ជំនាញ​ខាង​សំណង់​បាន​កោត​សរសើរ​ថា អគារ​ទាំង​នេះ​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ ស្រប​តាម​អាកាសធាតុ​នៃ​រដូវ​កាល​នីមួយៗ ដែល​តែង​ជះ​ឥទ្ធិពល​មក​លើ​ខេត្ត​កែប​។ បើ​គិត​មក​ទល់​ពេល​នេះ អគារ​ខ្លះ​មាន​អាយុ​៨០​ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​មើល​ទៅហាក់​នៅ​មាំ​ល្អ​នៅ​ឡើយ​។
តាម​ការ​រៀបរាប់​ពី​អ្នក​ដែល​បាន​ដឹង​រឿងរ៉ាវ​កាល​ពី​៦០​ឆ្នាំ​មុន ក៏​ដូច​ជា​ប្រធាន​មន្ទីរ​ដែន​ដី​ដដែល​ប្រាប់​ថា អគារ​ទាំង​នេះ​ភាគ​ច្រើន​ជា​វីឡា​របស់​ពួក​គហបតី ខ្លះ​ទៀត​ជា​ព្រះរាជ​ដំណាក់ ខ្លះ​ទៀត​ជា​ទីស្នាក់ការ​រដ្ឋបាល​។

ការ​ភាន់​ច្រឡំ​មួយ​បាន​លើក​ឡើង​ថា អគារ​ដែល​បាក់​បែក​ទ្រុឌទ្រោម​ដោយសារ​ការ​បំផ្លិចបំផ្លាញ​របស់​ពួក​ខ្មែរក្រហម និង​សង្គ្រាម​។ ប៉ុន្តែ​ការ​ពិត​ពុំ​ដូច្នោះ​ទេ​។ នេះ​ជា​ការ​បកស្រាយ​ពី​អ្នក​រស់​នៅ​ក្នុង​អគារ​។ ត្បិត​តំបន់​កែប​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម ដែល​មាន​មូលដ្ឋាន​ទ័ព​នៅ​ភ្នំ​វល្វិ៍​តាំង​ពី​មុន​ឆ្នាំ​១៩៧៥ និង​ក្រោយ​ឆ្នាំ​១៩៧៩​ក្ដី តែ​អគារ​ទាំង​នេះ​មិន​បាន​បំផ្លាញ​ឡើយ​។ ផ្ទុយ​មក​វិញ​ពួក​នេះ​នៅ​តែ​ចង​ចិត្ត​យក​កែប​ធ្វើ​ជា​ក្រុង​ទេសចរណ៍​ដដែល​។

ចុះ​ហេតុ​អ្វី​បាន​ជា​អាគារ​ទាំង​នេះ​ត្រូវ​បាន​បំផ្លាញ​?

ប្រភព​ដដែល​ប្រាប់​ថា ក្រោយ​កម្ពុជា​រំដោះ​ចេញ​ពី​ពួក​ខ្មែរ​ក្រហម ប្រជាជន​ក្រ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ បញ្ហា​ធំ​គឺ​ស្បៀង​អាហារ​។ ប្រជាជន​ទាំង​នោះ​បាន​នាំ​គ្នា​វាយ​បំបែក​អគារ​ជា​ច្រើន​កន្លែង​ដើម្បី​យក​ដែក និង​លោហធាតុ​ផ្សេង​ទៀត​លក់​យក​ប្រាក់​ទិញ​អង្ករ សំលៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​។
មក​ទល់​ពេល​នេះ​អាជ្ញាធរ​ខេត្ត​ពុំ​មាន​គម្រោង​អ្វី​លើ​អគារ​ទាំង​នេះ​ទេ ព្រោះ​វា​ស្ថិត​នៅ​លើ​ដី​កម្មសិទ្ធិ​ឯកជន ដូច្នេះ​មាន​តែ​ម្ចាស់​ដី​នោះ​ទេ​ដែល​អាច​ចាត់​ចែង​បាន​។ មន្ទីរ​ដែនដី​រិះ​គន់ លក្ខណៈ​ជា​ការ​ព្រមាន​ថា ពួក​អ្នក​មាន ដែល​ទិញ​ដី​ទុក​ចោល មិន​ព្រម​អភិវឌ្ឍន៍ គឺ​ជា​បញ្ហា​រាំងស្ទះ​ដល់​ការ​កែ​លម្អ​សោភណភាព​ក្រុង​កែប​។

ប្រវត្តិ​កែប

កែប​ចាប់​ផ្ដើម​អភិវឌ្ឍន៍​នៅ​ឆ្នាំ១៩០៨ ដែល​មាន​លក្ខណៈ​ជា​ឧទ្យាន​សម្រាប់​ពួក​បារាំង​មក​កម្សាន្ត​។ កែប​ចាប់​ផ្ដើម​អភិវឌ្ឍន៍​ខ្លាំងក្លា​ឡើង​នៅ​ឆ្នាំ​១៩៤០ រហូត​ឆ្នាំ ១៩៥៩ រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​ឲ្យ​ឈ្មោះ​ថា ក្រុងកែប ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​។ កែប​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​យ៉ាង​ប្រណីត​នៅ​ឆ្នាំ ១៩៦០ ប៉ុន្តែ​មាន​តែ ពួក​មន្ត្រី និង​អ្នក​មានៗ​ទេ ដែល​បាន​ទៅ​ទស្សនា​។ ព្រះរាជក្រឹត្យ​ថ្ងៃ​ទី​២២ ធ្នូ ២០០៨ បាន​កាត់​ផ្ដាច់​កែប​ចេញ​ពី​រដ្ឋបាល​ខេត្ត​កំពត ឲ្យ​ក្លាយ​ជា​ខេត្ត​កែប ដែល​មាន​ក្រុង​មួយ​គឺ​ក្រុង​កែប និង​ស្រុក​មួយ​គឺ ស្រុក​ដំណាក់​ចង្អើរ​។