ឧកញ៉ា ទៀ វិចិត្រ និមន្តព្រះសង្ឃធ្វើពិធីបួងសួងនៅមុខអាសនៈលោកយាយម៉ៅពេជ្រនិល សុំសេចក្តីជូនអ្នកដំណើរតាមផ្លូវជាតិលេខ៤

កំពង់ស្ពឺ៖ លោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូដកម្ពុជា (G.T.V.C, Speed Boat Cambodia) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំ និមន្តព្រះសង្ឃ ធ្វើពិធីបួងសួងនៅពីមុខអាសនៈលោកយាយម៉ៅពេជ្រនិល ដើម្បីសុំសេចក្តីសុខចម្រុងចម្រើនជូនដល់អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៤ ឲ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍។

លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ដោយកត់សម្គាល់ជាបន្តបន្ទាប់មកនេះ ឃើញគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ បានកើតមានស្ទើរជារៀងរាល់ថ្ងៃ ទើបរូបលោកបានមូលជាមតិសហការរៀបចំនិមន្តព្រះសង្ឃ ដើម្បីរៀបចំពិធីតាមបែបព្រះពុទ្ធសាសនានេះឡើង ដើម្បីរួមចំណែកកាត់បន្ថយ ឬ ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤នេះ ឲ្យថយចុះចំនួន។

ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្តនេះ ឃើញមានមានវត្តមាន តារាកំប្លែងជើងចាស់ គឺលោក នាយកុយ ក៏បានមកចូលរួមផងដែរ។ ក្រោយការបួងសួង និងនិមន្តព្រះសង្ឃសូត្រមន្តតាមបែបព្រះពុទ្ធសាសនា លោកឧកញ៉ា ទៀ វិចត្រ មានជំនឿថា ការធ្វើពិធីបួងសួងនៅមុខអាសនៈ របស់លោកយាយម៉ៅពេជ្រនិល តាមផ្លូវជាតិលេខ៤ខាងលើ នេះ នឹងអាចឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍មកចំនួនទាប។

លោកបន្តថា ដើមហេតុដែលរូបលោកបានបបួលក្រុមកាករងារ ធ្វើពិធីបួងសួង និងនិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះនាឱកាសនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតរថយន្ត និងបំផ្លាញ ទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនអស់ជាច្រើនទៀត។

ឧកញ៉ា ទៀ វិចិត្រ ក៏បានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅ កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេស កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ ឲ្យថយចុះ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចក៏បានរំលឹកដល់អ្នកបើកបរគ្រប់ៗរូបថា ចាំបាច់ត្រូវរួមគ្នាប្រុងប្រយ័ត្នរាល់ពេលបើកបរ ដោយត្រូវរួមគ្នាគោរពច្បាប់ និងត្រូវបើកបរឲ្យស្របតាមល្បឿនដែលច្បាប់បានកំណត់ និង មិនត្រូវបើកបរពេលស្រវឹងស្រានោះទេ។

ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាម្ចាស់បឹងហ្គាឡូ «ម៉ាហ្វីយ៉ារីស្សត» មានទីតាំងនៅឆ្នេរភ្លោះ កោះឋានសួគ៌ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ និងជាប្រធានក្រុមមនុស្សធ៌មអូរបី (O3) ប្រចាំខេត្ត ព្រះសីហនុផងនោះ ក៏បានរៀបចំជាជំនួយមនុស្សធ៌ម រួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក រស់នៅ ជិតខាង អាស្រម លោក យាយម៉ៅ ពេជ្រនិលចំនួន ១៥គ្រួសារផងដែរ។

លោកឧកញ៉ា ទៀ វិចត្រ បញ្ជាក់ថា ការធ្វើពិធីនិមន្តព្រះសង្ឃសូត្រមន្ត សុំសេចក្តីសុខជូនអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ និងការធ្វើសកម្មភាពមនុស្សធម៌របស់ក្រុមការងារ មនុស្សធ៌មអូរបី ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះទីពឹង ឬបាត់បង់កម្លាំងពលកម្មជាដើម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ លើសពីនេះទៀតក៏ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន ដើម្បីចែកជូនប្រជាពលរដ្ឋខ្មែរ និងជាតិសាសន៍ដទៃគ្រប់ៗរូប ឲ្យមាន សេចក្តីសុខទាំងអស់គ្នា៕