នាយករដ្ឋមន្ត្រីអង់គ្លេស សន្យាចុះចេញពីតំណែង ដើម្បីសង្គ្រោះផែនការ Brexit

បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May កាលពីថ្ងៃពុធ ទី27 ខែមីនា បានស្នើសុំលាលែងពីតំណែង ដើម្បីសុំឱ្យសភាគាំទ្រកិច្ចព្រមព្រៀងរបស់លោកស្រី អំពីផែនការ Brexit ខណៈដែលសមាជិកសភាបរាជ័យ ក្នុងការប៉ុនប៉ងបំបែកភាពជាប់គាំង ដែលបានធ្វើឱ្យប្រទេសអង់គ្លេសធ្លាក់ចូលក្នុងវិបត្តិ ។ ក្រៅពីជម្រើស និងហានិភ័យនៃការបរាជ័យ ក្នុងដំណើរការចាកចេញពីសហភាពអឺរ៉ុប លោកស្រី Theresa May បានប្រកាសប្រកបដោយភាពរំជួលចិត្តថា លោកស្រីនឹងចាកចេញពីតំណែង បើសមាជិកសភាគាំទ្រកិច្ចព្រមព្រៀង Brexit របស់លោកស្រី ។

ការផ្តល់ជូននេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងមុនពេលសភាសហភាពអឺរ៉ុប បានចូលរួមការបោះឆ្នោត ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងស្វែងរកផែនការជំនួស ប៉ុន្តែនៅទីបញ្ចប់ មានតែការបែកបាក់នៅក្នុងចំណោមសមាជិកសភាប៉ុណ្ណោះ ។ ក្នុងចំណោមសំណើទាំង 8 មិនមានសំណើណាមួយ ដែលបានដាក់ចេញទទួលបានសំឡេងភាគច្រើននោះទេ ។

លោក Steve Barclay រដ្ឋមន្រ្តីកិច្ចការ Brexit បាននិយាយថា៖ «ទស្សនៈរបស់យើង ការចរចា​ គឺជាជម្រើសល្អបំផុត» ។ តំណាងរាស្ដ្របានច្រានចោលពីរលើករួចមកហើយ ចំពោះផែនការ Brexit ដោយសំលេងភាគច្រើន ប៉ុន្តែលោកស្រី Theresa May នៅតែព្យាយាមបញ្ចុះបញ្ចូលពួកគេ ហើយកាលពីថ្ងៃពុធ លោកស្រី បានធ្វើការផ្តល់ជូនចុងក្រោយ ។ លោកស្រីបានប្រាប់កិច្ចប្រជុំ អ្នកគាំទ្រគណបក្សអភិរក្សថា៖ “ខ្ញុំដឹងថាមានបំណងប្រាថ្នាមួយ សម្រាប់ដំណោះស្រាយថ្មីមួយ និងភាពជាអ្នកដឹកនាំថ្មីនៅក្នុងដំណាក់កាលទី2 នៃការចរចា Brexit ហើយខ្ញុំនឹងមិនឈរនៅលើផ្លូវនោះទេ” ។ ប៉ុន្តែយើងត្រូវការកិច្ចព្រមព្រៀងនោះ ហើយខ្ញុំត្រៀមខ្លួនចាកចេញពីការងារនេះ ឱ្យបានលឿនជាងអ្វីដែលខ្ញុំចង់បាន ដើម្បីធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រទេស និងគណបក្សរបស់យើង» ។ លោកស្រី Theresa May បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ជាមួយសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន ដើម្បីពន្យារពេល Brexit ចំពេលដែលមានការភ័យខ្លាចថា ប្រទេសអង់គ្លេស កំពុងធ្វើដំណើរឆ្ពោះទៅរកការចាកចេញ ដោយគ្មានកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រកន្លងមក ។

ប្រសិនបើកិច្ចព្រមព្រៀងរបស់លោកស្រី ត្រូវបានអនុម័ត ដោយសមាជិកសភានៅសប្តាហ៍ក្រោយមែននោះ ផែនការ Brexit នឹងកើតឡើងនៅថ្ងៃទី22 ខែឧសភា ហើយបើមិនដូច្នោះទេ លោកស្រីត្រូវតែត្រលប់ទៅកាន់ ទីក្រុងប៊្រូសសែលវិញ មុនថ្ងៃទី12 ខែមេសា ដើម្បីពន្យល់ពីអ្វីដែលនឹងកើតឡើង ។ (Asia News ថ្ងៃទី២៨ ខែមីនា)