នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអ្នកវិនិយោគនិយាយពីការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

វេទិកានេះមានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគ ធុរជនដែលកំពុងវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា។ វេទិកានេះនឹងមានការជជែកដោយបើកចំហររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នករកស៊ីនៅកម្ពុជាទៅបញ្ហាពាក់ព័ន្ធការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងធ្វើធុរកិច្ចជាដើម។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ក្នុងវេទិកានេះសម្តេចនឹងប្រកាសដាក់ចេញការធ្វើកំណែទម្រង់ជាច្រើន ដើម្បីធានាដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ ជាពិសេសនៅទីផ្សារក្នុងសហគមន៍អឺរ៉ុប បើទោះបីសហគមន៍អឺរ៉ុបបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ឬ ព្យួរក៏ដោយនោះ។

កំណែទម្រង់ដែលសម្តេចធ្លាប់បានលើកឡើងថា នឹងប្រកាសនៅក្នុងវេទិកានេះ មានដូចជាការកាត់បន្ថយថ្ងៃឈប់សម្រាក ការបញ្ចេញកញ្ចប់ថវិកាសម្រាប់អន្តរាគមន៍លើបញ្ហានានា រួមនឹងការដាក់ចេញនូវយន្តការជាច្រើនផ្សេងៗទៀត ដែលសុទ្ធសឹងជាការសម្រួលដល់ការធ្វើធុរកិច្ចរបស់ធុរជន៕