អគ្គស្នងការរងនគរបាលជាតិ ប្រាប់ដល់នគរបាលអគ្គិភ័យទាំងអស់ ត្រូវតែបង្កើនជំនាញរបស់ខ្លួនបន្ថែមទៀត

កំពង់ស្ពឺ៖ អគ្គស្នងការរងនគរបាលជាតិលោកឧត្តមសេនីយ៍ឯក សេក ភូមី បានប្រាប់ដល់នគរបាល នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះទាំងអស់ត្រូវបង្កើនជំនាញ និងពន្លឿនសកម្មភាពរបស់ខ្លួន ក្នុងការបង្ការ និងពន្លត់អគ្គិភ័យជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបន្ថែមទៀត និងប្រកបដោយវិជ្ជាជីវៈបំផុត។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងថា ក្នុងនាមជានគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ត្រូវតែមានចិត្តឲ្យបរិសុទ្ធ និងស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ខណៈពេលដែលពួកគាត់ជួប នឹងបញ្ហាគ្រោះថ្នាក់ដោយសារអគ្គិភ័យ។
អគ្គស្នងការរង បានបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ក្រុមការងារពន្លត់អគ្គិភ័យ មានការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋដោយសារ តែការសង្រ្គោះពុំមានការទាមទារលុយ ពីពួកគាត់ជាថ្នូរក្នុងការពន្លត់ភ្លើង ពេលដែលកំពុងឆេះផ្ទះរបស់ពួកគាត់។
លោកថា «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែរក្សាការសរសើរនេះ ជារៀងរហូត ហើយត្រូវតែពន្លឿនសកម្មភាពរបស់ខ្លួន ឲ្យកាន់តែឆាប់រហ័សបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយ ដល់ពួកគាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត»
លោកឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងទៀតថា «យើងត្រូវតែធ្វើការឆ្លើយតប ពីការចង់បានរបស់ប្រជាពលរដ្ឋ ដែលចង់ឲ្យកម្លាំងពន្លត់អគ្គិភ័យរបស់យើង ក្លាយទៅជាសេវាមួយមានប្រសិទ្ធភាព សម្រាប់ការងារប្រយុទ្ធអគ្គិភ័យ»
ជាមួយគ្នានោះដែរ លោកអគ្គស្នងការរង ក៏បានអំពាវនាវ ដល់នគរបាលអគ្គិភ័យទាំងអស់បង្កើនការបង្ការ និងណែនាំដល់ពលរដ្ឋបន្ថែមទៀត ទាក់ទងនឹងបញ្ហាអគ្គិភ័យ ជាពិសេសប្រជាពលរដ្ឋ នៅតាមទីជនបទ ខណៈតំបន់ខ្លះជួបបញ្ហារាំងស្ងួតនោះ។
សូមរំលឹកថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ អគ្គិភ័យបានកើតឡើងចំនួន ៥៣៤លើក កើនឡើង ២០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៧នាក់ និងរងរបួស ៥២នាក់ បណ្តាលឲ្យឆេះផ្ទះចំនួន៥៥៣ខ្នងឆេះតូបចំនួន ៣៩៦តូប។
មូលហេតុដែលឆេះ ភាគច្រើននៅតែផ្តើមចេញ ពីការតចរន្តអគ្គិសនីខុសបច្ចេកទេស និងការធ្វេសប្រហែសភ្លើងចង្រ្កាន-ទៀន-ធូបជាដើម។ ចំពោះករណីអគ្គិភ័យខាងលើនេះ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ បានរួសរាន់ចេញអន្តរាគមន៍សង្រ្គោះ បានចំនួន៤៥៥លើក៕