សហរដ្ឋអាមេរិកប្តេជ្ញា «ដាក់ទណ្ឌកម្ម-សម្ពាធកាន់តែខ្លាំងលើវេណេស៊ុយអេឡា» ក្រោយពីទើបទម្លាក់ទណ្ឌកម្មលើអ៊ីរ៉ង់ក្តៅៗ

វ៉ាស៊ីនតោន៖ មន្រ្តីជាន់ខ្ពស់ក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី ស៊ីហ្គាល់ មែនឌែលឃើ (Sigal Mandelker) ទទួលបន្ទុកបញ្ហាភេរវកម្មបាននិយាយថា លោកស្រីនឹងលើកឡើងពីហានិភ័យ នៃការធ្វើទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយក្រុមមន្រ្តីរដ្ឋាភិបាល ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌាជាដើម ហើយទន្ទឹមគ្នានេះលោកស្រីក៏បានប្តេជ្ញាដាក់សម្ពាធជាអតិបរមាផងដែរ ទៅលើវេណេស៊ុយអេឡាផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។

កាលពីថ្ងៃអង្គារកន្លងទៅ ក្រសួងហិរញ្ញវត្ថុអាមេរិកទើបតែបានដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលចំនួន ២៥ នៅមជ្ឈមបូព៌ាជុំវិញការសង្ស័យថា ពួកគេមានជាប់ទាក់ទងរឿង ធ្វើពាណិជ្ជកម្ម និងផ្តល់មូលនិធិដល់កងកម្លាំង IRGC និងកងអង្គភាពយោធាដទៃទៀត របស់ប្រទេសអ៊ីរ៉ង់។ ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនតោន ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ត្រូវបានធ្វើឡើងវិញកាលពីឆ្នាំមុន ក្រោយពីសហរដ្ឋអាមេរិកបានដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

គួរជម្រាបថា បើតាមលោកស្រី Mandelker រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការដាក់សម្ពាធជាអតិបរមា ទៅលើរដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ខណៈចាប់តាំងពីខែមករា រហូតមកទល់ពេលនេះក្រសួងហិរញ្ញវត្ថុ អាមេរិកបានដាក់ទណ្ឌកម្មជាច្រើនលើករួចស្រេចហើយ ទៅលើបណ្តាក្រុមហ៊ុនរដ្ឋ វេណេស៊ុយអេឡា ហើយកាលពីសប្តាហ៍មុនទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនទាន់បាន បញ្ចេញកញ្ចប់ទណ្ឌកម្មដែលធ្ងន់ៗបំផុតនៅឡើយទេ ប្រឆាំងនឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ៕