អតីតសមាជិកសភាខាងគណបក្សសាធារណរដ្ឋ ជាង ២០ នាក់ ចូលរួមគាំទ្រលោក Biden

(អន្តរជាតិ)៖ នៅពេលដែលសន្និបាតថ្នាក់ជាតិរបស់គណបក្សសាធារណរដ្ឋ បានចាប់ផ្ដើម កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា អតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Arizona លោក Jeff Flake រួមជាមួយនឹងអតីតសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ជាង ២០ នាក់ផ្សេងទៀត បានរួមគ្នាគាំទ្រលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ។

យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានប្រកាសអំពីការចូលរួមរបស់អតីតសមាជិកសភាទាំងអស់នេះ នៅក្នុងកម្មវិធី «អ្នកសាធារណរដ្ឋសម្រាប់លោក Biden» ។

កម្មវិធីនេះ ក៏ត្រូវបានប្រកាសឡើង កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ផងដែរ ហើយវា គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ដើម្បីបញ្ចុះបញ្ចូលអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ឲ្យពិចារណាធ្វើការបោះឆ្នោតឱ្យលោក Biden ។

អតីតសមាជិកគណបក្សសាធារណរដ្ឋ ដែលបានប្រកាសគាំទ្រលោក Biden កន្លងមក មានដូចជា អតីតសមាជិករដ្ឋសភាតំណាងរដ្ឋ Pennsylvania លោក Charlie Dent អតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ New Hampshire លោក Gordon Humphrey និងអតីតសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Virginia លោក John Warner ជាដើម ។

បុគ្គលដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺ លោក Jeff Flake ដែលបានទាស់សម្ដីជាមួយលោកប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលលោកនៅជាសមាជិកព្រឹទ្ធសភា និងត្រូវបានសារព័ត៌មានផ្សាយពីលោកផងដែរ ។

ការផ្សាយរបស់កាសែត The Washington Post កាលពីខែកញ្ញា ឆ្នាំមុន លោក Flake បានជំរុញសមាជិកគណបក្សសាធារណរដ្ឋ កុំឱ្យគាំទ្រលោក Trump សម្រាប់អាណត្តិទីពីរ ដោយបានសរសេរថា លោក Trump មិនស័ក្តិសមនឹងកាន់តំណែងខ្ពស់បំផុតក្នុងសេតវិមានតទៅទៀតទេ ៕ ដោយ៖ សារីទ្ធ(Micheal)