ក្រុមមេធាវី​របស់​លោក ​ហ៊ុន សែន រក​យុត្តិធម៌​ជូន​និស្សិត​រង​គ្រោះ​ថ្នាក់​ចរាចរណ៍

ភ្នំពេញៈ ក្រោយ​ការស្រាវជ្រាវ​រយៈពេល​ ២ ថ្ងៃ ​និង​ឈានដល់​ស៊ើបសួរ​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឈ្មោះ​យិន ង្គិច ​រួចមក​ ពីម្សិល​មិញ​នេះ​ ក្រុមមន្ត្រី​នគរបាល​ជំនាញ​បាន​កំណត់​អំពី​អត្តសញ្ញាណ​អ្នក​បើកបរ​រថយន្ត​បង្កហេតុ​នោះ​ហើយ ​ស្របពេល​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កំពុង​រៀបចំ​បណ្ដឹង​ប្រឆាំង​នឹង​​អ្នក​បើកបរ​រូប​នោះ​ទៅ​តុលាការ​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ម្នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ព្រហស្បតិ៍ ក្នុង​លក្ខ​ខណ្ឌ​មិនបញ្ចេញ​ឈ្មោះ​ថា ​អ្នកបើកបរ​រថយន្ត​បង្ក​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍បណ្ដាល​ឲ្យនិស្សិត​ស្រី​ឈ្មោះ​ឌុំ រីដា ​ស្លាប់​កាលពី​រសៀល​ថ្ងៃទី​ ២៦​ ខែមីនា ​ឆ្នាំ ២០១៩​ នោះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បានហើយ ​គឺឈ្មោះ «យិន ម៉ាណា» អាយុ​ ១៧ ឆ្នាំ ​ជាកូន​ស្រី​របស់​លោក ​យិន ង្គិច ​ម្ចាស់​រថយន្ត​បង្ក​ហេតុ​ម៉ាក​ Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF-777 នោះ​តែម្ដង។

មន្រ្តី​នគរបាល​ជាន់ខ្ពស់​រូប​នោះ​បានបញ្ជាក់​ថា​៖ «ក្រោយពី​ការស៊ើបសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង ​កាលពី​ថ្ងៃទី​ ២៧ ​ខែ​មីនា​ ឆ្នាំ ២០១៩ ​លោក​យិន ង្គិច ​បានយល់​ព្រម​ប្រាប់​ការពិត​ថា ​កូនស្រី​របស់​គាត់​ឈ្មោះ​យិន ម៉ាណា ​ជាអ្នកយក​រថយន្ត​នោះ​ទៅ​បើកបរ ​ដឹក​មិត្តភក្ដិ​របស់​នាង​ដើរ​លេង។ ប៉ុន្តែ​គាត់​មិន​បាន​បញ្ជាក់​ប្រាប់​ថា​នៅ​ពេល​នេះ​ កូនស្រី​របស់​គាត់​នៅ​ទីណា​នោះ​ទេ»។

ទោះយ៉ាងណា​ក៏ដោយ ​ក្រុមសមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី ​ក្នុង​ការស្រាវជ្រាវ​ស្វែង​រក​ជន​សង្ស័យ​​ឈ្មោះយិន ម៉ាណា ​ដើម្បី​ឲ្យ​ចូល​ខ្លួន​មកឆ្លើយ​បំភ្លឺ ​នៅក្នុង​សំណុំ​រឿង​នេះ។

ដោយ​ឡែក​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ​​ បានរៀបចំ​ពាក្យ បណ្ដឹង​ប្រឆាំង​នឹង​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ទៅ​តុលាការ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូនជន​រង​​គ្រោះ និងក្រុម​គ្រួសារ​របស់​នាង​ទៅ​តាម​ផ្លូវ​ច្បាប់។

តំណាង​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ម្នាក់​ ដែល​ត្រូវបាន​ក្រុមគ្រួសារ​និស្សិត​ស្រី​រងគ្រោះ ​ឌុំ រីដា​ ផ្ដល់​សិទ្ធិ​នៅក្នុង​ការការពារ​ក្ដី​ក្នុង​សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​គឺ ​លោក​សុខ អួង ​ បានប្រាប់​ថា​៖ «នៅ​ពេល​នេះ​យើង​បាន​​រៀបចំ​ពាក្យ​បណ្ដឹង​រួចរាល់​ហើយ។ យើង​នឹង​ដាក់​វា​ទៅ​តុលាការ​ក្រោយពី​ក្រុម​គណៈកម្មកា​រប្រតិបត្តិ​របស់​យើង​ពិភាក្សា​អំពី​ខ្លឹមសារ​ច្បាប់​និង​អនុម័ត​រួច»។

លោក​អ៊ាង សុផល្លែត ​ប្រធាន​កិត្តិយស​សាកល​វិទ្យាល័យ ​ផារ៉ាហ្គន ​(អតីត​សាកល​វិទ្យាល័យ​ហ្សាមេន) ​ដែលកំពុង​បំពេញ​បេសកកម្ម​ការងារ​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន ​បាន​អោយដឹងថា កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​​មាន​ក្ដី​ក្ដុកក្តួល​ជាពន់​ពេក ​បន្ទាប់ពី​ទទួល​បាន​ដំណឹង​អំពី​មរណភាព​របស់ ​កញ្ញា​ឌុំ រីដា ​ដែលជា​និស្សិត​ឆ្នើម​ប្រចាំ​សាកល​វិទ្យាល័យ​ «ផារ៉ាហ្គន» ដែល​បង្ក​ឡើង​ដោយ​អ្នក​បើកបរ​រថយន្ត​ទំនើប​ខាង​លើ​នោះ។

លោក ​សុផល្លែត ​បានថ្លែងថា​៖​ «មរណភាព​របស់​កញ្ញា​ ឌុំ រីដា ​មិនត្រឹម​តែ​ជាការ​បាត់​បង់​កូន​ជាទី​ស្រឡាញ់ ​ប្រកប​ដោយ​គន្លង​ធម៌​របស់​ក្រុម​គ្រួសារ​ទេ ​តែ​ក៏ជា​ការបាត់បង់​និស្សិត​ដ៏ល្អ​របស់​សាលា ​និង​បាត់បង់​កុល​ធីតា​ជា​ធនធាន​ដ៏​ថ្លៃថ្លា​របស់​ជាតិ​ផង​ដែរ»។

ជាមួយ​គ្នានេះ ​លោកក៏បាន​អំពាវនាវ​ ដល់​គ្រប់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ ​ស្វែងរក​ជន​បង្ក​គ្រោះថ្នាក់​ពិតប្រាកដ​ ហើយ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ​និង​ក្រុម​គ្រួសារ​របស់​នាង៕