ប្រជាជន​ វ៉េណេស៊ុយអេឡា ​អស់​សង្ឃឹម​ និង​ផ្ទុះកំហឹង​ ខណៈ​ដាច់​ភ្លើងអគ្គិសនី​ឈាន​ដល់​ថ្ងៃ​ទី​ ៣

ក្រុងការ៉ាកាសៈ ប្រជាជន​ វ៉េណេស៊ុយអេឡា មាន​ការអស់​សង្ឃឹម​ និង​ផ្ទុះ​កំហឹង​កាលពី​ថ្ងៃ​ពុធ ខណៈ​ពួកគេ​ទ្រាំ​អត់ធ្មត់​ចំពោះ​ការ​ដាច់​ភ្លើង​អគ្គិសនី​ស្ទើរតែ​ទូទាំង​ប្រទេស​នៅក្នុង​ថ្ងៃទី​ ៣ ដែល​បាន​ធ្វើឲ្យ​ប្រទេស​របស់​ពួកគេ​គាំងដំណើរ​ជា​ការដាច់​ភ្លើង​អគ្គិសនី​លើក​ទី​ ២ ​នៅក្នុង​ខែ​នេះ​។

Nestor Carreno ដែល​បាន​បង្ខំចិត្ត​បិទ​ហាង​ភីហ្សា​របស់​លោក​នៅក្នុង​សង្កាត់​មួយ​នៃ​ក្រុង​ការ៉ាកាស​បាន​និយាយ​ថា​៖ «​ឃ្លាំង​ស្តុក​អាហារ​ចាប់ផ្តើម​អស់​ហើយ ។ គ្មាន​ទឹក ការដឹកជញ្ជូន មិន​ដំណើរការ​។ គ្មាន​មធ្យោបាយ​ទំនាក់ទំនង​។

លោក​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​ក្រុម​គ្រួសារ​ខ្ញុំ​រស់នៅ​តាម​របៀប​ណា​ទេ​? ​ភាពអសន្តិសុខ​កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​»​។

សំឡេង​ឆ្នាំង ឮ​ចេញ​តាម​បង្អួច និង​ស៊ីប្លេ​រថយន្ត​នៅ​តាម​ដងផ្លូវ​ត្រូវ​បាន​គេ​ឮ ចាប់​តាំងពី​មាន​ការដាច់​ភ្លើង​មក​។

ការដាច់​ភ្លើង​អគ្គិសនី​លើក​ទី​ ១ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៧ ខែ​មីនា និង​មាន​រយៈពេល​មួយ​សប្តាហ៍​ដោយ​បាន​បង្ខំ​​ឲ្យ​ប្រជាជន​ស្វះ​ស្វែងរក​ដង​ទឹក​ទន្លេ ដើម្បី​យក​មក​ប្រើប្រាស់ ខណៈ​ម៉ាស៊ីន​បូមទឹក​ខូច ។ អ្នកស្រុក​ជាច្រើន​ត្រូវការ​ស្បៀង និង​ទឹក​យ៉ាង​ខ្លាំង​។

រដ្ឋាភិបាល​របស់​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ដែល​បាន​ស្តីបន្ទោស​ការ​ដាច់​ភ្លើង​នោះ​ទៅ​លើ​ការវាយប្រហារ​លើ​ប្រព័ន្ធ​ចរន្តអគ្គិសនី​តាម​ប្រព័ន្ធ​កុំព្យូទ័រ និង​ការបំផ្លាញ​ដោយ​ចេតនា​របស់​ក្រុមប្រឆាំង​ និង​ភេរវកម្ម​បាន​សម្រេច​បិទ​ការងារ​សាធារណៈ និង​សាលារៀន​រហូត​​ដល់​យប់​ថ្ងៃ​ពុធ ។

លោក​រដ្ឋមន្ត្រី​ទំនាក់ទំនង​ Jorge Rodriguez បាន​ថ្លែង​ថា​ការ​ដាច់​ភ្លើងអគ្គិសនី​នេះ​បាន​ធ្វើឲ្យ​ផ្នែក​ជាច្រើន​នៃ​ក្រុង​ការ៉ាកាស និង​តំបន់​ដទៃ​ទៀត​ធ្លាក់​ចូល​ទៅក្នុង​ភាព​ងងឹត​ម្តង​ទៀត​ភ្លាមៗ​ក្រោយ​ភ្លើង​អគ្គិសនី​ត្រូវបាន​ស្តារ​ឡើង​វិញ​។

លោក​ថ្លែង​ថា​ការងារ​កំពុង​បន្ត​ជួសជុល​ឧបករណ៍​ដែល​ខូចខាត​ដោយ​អំពើ​ភេរវកម្ម​។

យោងតាម​អ្នកប្រើប្រាស់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹងថា ការ​ដាច់​ភ្លើង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​ចំនួន​​ ២១ ​នៃ​រដ្ឋ​ចំនួន​ ២៣​។

លោក​ Juan Guaido ជា​មេដឹកនាំ​បក្សប្រឆាំង​ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​ជាច្រើន​ទៀត​ទទួល​ស្គាល់​ថា ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​នេះ​បាន​អំពាវនាវ​ឲ្យ​ធ្វើការ​តវ៉ា​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ជុំវិញ​ការខ្វះ​សេវា​សាធារណៈ​នេះ ៕