ប្លែក! ម្ដាយ​កីឡាករ​ថៃ​ម្នាក់​ឲ្យ​កាដូ​កណ្ដុរ​អាំង ក្រោយ​កូន​ការពារ​ខ្សែ​ក្រវាត់ WBC បានសម្រេច

កីឡាករ​ប្រដាល់​សកល​ថៃ Srisaket Sor Rungvisai បាន​ការពារ​ខ្សែ​ក្រវាត់​ WBC super flyweightបាន​សម្រេច ក្រោយ​យក​ឈ្នះ​កីឡាករ​ម៉ិកស៊ិកJuan Francisco Estrada ក្នុង​ទឹក​ដី​សហរដ្ឋអាមេរិក​កាល​ពី​២​ថ្ងៃ​មុន។

បន្ទាប់​ពី​បញ្ចេញ​ស្នៀត​កណ្ដាប់​ដៃ​អស់​១២​ទឹក ចៅក្រម​ទាំង​៣​​បាន​ផ្ដល់​ពិន្ទុ ១១៤-១១៤, ១១៥-១១៣ និង ១១៧-១១១ ដោយ​ប្រគល់​ជ័យជម្នះ​ដល់ Srisaket ជា​អ្នក​ឈ្នះ។ ជោគជ័យ​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ថៃ​វ័យ​៣១ បង្កើន​កំណត់ត្រា​ ឈ្នះ​៤៥ ចាញ់​៤ ស្មើ​១ (ផ្ដួល​ដៃ​គូ​សន្លប់​៤០​ដង)។

បញ្ចប់​ការ​ប្រកួត​អ្នក​ប្រដាល់​កើត​ក្នុង​ខេត្ត Srisaket ជាប់​ដី​ខ្មែរ​រូប​នេះ​និយាយ​ថា Juan Francisco ប្រឹងប្រែង​វាយ​ខ្លាំង ប៉ុន្តែ​គេ​ដឹង​ថា​គេ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ។ គេ​មាន​ទឹក​ចិត្ត​វាយ​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ថៃ។ មក​ដល់​ស្រុក​កំណើត​នៅ​ថ្ងៃ​នេះ ម្ដាយ Srisaket បាន​ជូន​កាដូ​ពិសេស​មួយ​ដល់​កូន។

ម្ដាយ Srisaket មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ប្រទេស​ថៃ Suvanarbhumi ដោយ​កាន់​កណ្ដុរ​អាំង​ទុក​ជូន​កូន ដែល​ជា​អាហារ​ដែល​គេ​ចូលចិត្ត។ រូបភាព​ប្លែក​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​កាសែត​និង​មហាជន​ចាប់​អារម្មណ៍​​ជា​ខ្លាំង៕