ទីបំផុត! តុលាការសម្រេចបង្គាប់ឱ្យឃុំខ្លួន កញ្ញា យិន ម៉ាណា ដែលបើករយន្តទំនើបបុកនិស្សិតឆ្នើមស្លាប់ ដាក់ពន្ធនាគារ PJ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើករថយន្តទំនើប បុកនិស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសជាក្រោយតាមកំណត់ច្បាប់។

ការសម្រេចឃុំខ្លួនកញ្ញា យិន ម៉ាណា នេះគឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី កែវ សុគន្ធា បានចោទប្រកាន់លើជនសង្ស័យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា៨៥នៃច្បាប់ចរាចរណ៌ផ្លូវគោក ហើយបានបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះវេលាម៉ោងប្រមាណ៨-៩ព្រឹក ឪពុកជនបង្កនឹងនាំកូនស្រីឈ្មោះ យិន ម៉ាណា ដែលជាអ្នកបើករថយន្ត Rang Rover បុកនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា ស្លាប់នោះយកទៅប្រគល់ជូនសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ នេះបើយោងតាមមេធាវីក្រុមគ្រួសារជនបង្កប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

ការប្រកាសនាំកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីលោក យិន ង្គិច ជាឪពុកបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា កូនស្រីរបស់លោកឈ្មោះ យិន ម៉ាណា គឺពិតជាអ្នកបើកបររថយន្ត Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ពិតប្រាកដមែន។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ទៅនិស្សិតឆ្នើមម្នាក់ នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយនាង មានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច ដែលបានលាក់ខ្លួន រយៈពេល២ថ្ងៃមកហើយ ដោយឱ្យឪពុកចេញដោះស្រាយជំនួស។

មហាជនសម្តែងការសោកស្តាយរឹតតែខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេង របស់ក្រុមគ្រួសារ។ បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើតអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា៕