សាកលវិទ្យាធិការនៃសាកលវិទ្យាល័យយោធាសហព័ន្ធរុស្ស៊ី និងមេបញ្ជាការទ័ពជើងគោកកម្ពុជាពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលធនធានកងទ័ពកម្ពុជា

ភ្នំពេញ៖ ដំណើរទស្សនកិច្ចនៃគណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ អ៉ីហ្គរ ម៉ីតស៊ូគីន (IGOR MITHSHUTKIN) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យយោធាសហព័ន្ធរុស្ស៊ីនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ២០១៩នៅរដ្ឋធានីម៉ូស្គូ។

ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យយោធាសហព័ន្ធរុស្ស៊ី និងកងទ័ពកម្ពុជាក្នុងការបណ្ដុះបណ្ដាលបង្កើនសមត្ថភាព។

ឧត្តមសេនីយ៍ទោ IGOR MITHSHUTKIN បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងមានចិត្តសប្បាយរីករាយដែលបានទទួល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក។ បន្ទាប់មក ភាគីមិត្តរុស្ស៉ី បានធ្វើបទបង្ហាញពីសាកលវិទ្យាល័យ ជូនគណៈប្រតិភូកម្ពុជា ហើយបានជម្រាបជូនគណៈប្រតិភូខិតផងដែរថា
និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ បានខិតខំប្រឹងប្រែងក្រេបយកចំណេះវិជ្ជា ព្រមទាំងគោរពវិន័យបានយ៉ាងល្អ។ លោកសាកលវិទ្យាធិការ បានបញ្ជាក់ថា សាកលវិទ្យាល័យ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលនិស្សិតកម្ពុជាបន្ថែមទៀតនៅពេលអនាគត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី កងទ័ពសហព័ន្ធរុស្ស៉ី ជាពិសេសថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងយោធាចារ្យដែលបានជួយបណ្ដុះបណ្ដាលនិស្សិតរបស់កម្ពុជា ហើយចាត់ទុកកងទ័ពកម្ពុជា និងនិស្សិតកម្ពុជាមិត្តដ៏ល្អ។ លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ផងដែរចំពោះនិស្សិត និងសិក្ខាកាមរុស្ស៉ីដែលនឹងទៅសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា។

បន្ទាប់ពីជំនួបពិភាក្សាការងាររួចមក គណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា បានអញ្ជើញទស្សនាអាគារសាកលវិទ្យាល័យ និងសកម្មភាពបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសាកលវិទ្យាល័យនេះផងដែរ៕