អ្នកជំនាញស្នើឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីថែរក្សារក្សាព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ ការរក្សាការពារទេសភាពបៃតងនៃព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារទេសភាពអង្គររបស់មន្ទីបរិស្ថានខេត្តសៀមរាប ដើម្បីធានាឱ្យបានភាពគង់វង្សនូវព្រៃឈើ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការកាប់ទន្ទ្រានដីព្រៃ នៅតែជាបញ្ហាចោទក្នុងការបង្ការ និងទប់ស្កាត់។

តាមការលើកឡើងរបស់លោក ឡី គឹមស៊ី អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការបំផ្លាញព្រៃឈើក្នុងតំបន់អង្គរ គឺកើតចេញពីការកាប់ទន្ទា្រនដីព្រៃរមណីយដ្ឋានយកធ្វើជាកម្មសិទ្ធិ។

លោក គឹមស៊ី បន្តថា ជនដែលប្រព្រឹត្តិបទល្មើសខ្លះជាម្ចាស់ផ្ទាល់ ខ្លះជាអ្នកស៊ីឈ្នួលឱ្យគេ ដែលជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផង ជាឈ្មួញដី ឬអ្នកទិញដីទុកផង ក្នុងបំណងពង្រីកដីសម្រាប់ធ្វើលំនៅដ្ឋាន ចម្ការ និងលក់ដូរដោយខុសច្បាប់។ ចំពោះករណីដែលទប់ស្កាត់បានបទល្មើសជាក់ស្តែងនាពេលកន្លងមក អាជ្ញាធរជាតិអប្សរាបានធ្វើការណែនាំ ដោយរៀបចំកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពបទល្មើស និងក្នុងករណីមិនរាងចាល ដោយនៅតែបន្តប្រព្រឹត្តបទល្មើស គឺបញ្ជូនទៅកាន់មន្ត្រីឧទ្យានុរក្ស ដើម្បីអនុវត្តនិតិវិធីបន្ត។

ចំពោះទីតាំងបទល្មើសព្រៃឈើក្នុងតំបន់អង្គរដែលកើតឡើងញឹកញាប់មាននៅភូមិក្រវ៉ាន់កែងផ្លូវ៦០ម៉ែត្រ ភូមិអារក្សស្វាយ ភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ភូមិគោកបេង ភូមិនគរក្រៅ សង្កាត់គោកចក ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប ភូមិភ្លង់ គោកគ្រើល ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ភូមិអូរទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង។ល។

ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ បំផ្លាញគម្របបៃតងក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា តែងតែចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងតាមសាលារៀននានា ដើម្បីឱ្យយល់កាន់តែច្បាស់ពីសារៈប្រយោជន៍នៃព្រៃឈើ និងហានិភ័យនៃការបាត់បង់ព្រៃឈើ។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរា ក៏បានបន្ថែមភ្នាក់ងារអភិរក្សព្រៃឈើ ដើម្បីដើរល្បាតជាប្រចាំ ពង្រឹងវិធានការទប់ស្កាត់ ពិសេសគឺបន្តការបណ្តុះប្រភេទឈើប្រណីតដែលបាត់បង់ និងដាំដើមឈើបន្តវេនក្នុងតំបន់អង្គរ រួមទាំងចែកចាយកូនឈើដោយមិនគិតថ្លៃជូនសាធារណជនបានរាប់ម៉ឺនដើមជារៀងរាល់ឆ្នាំផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ព្រៃឈើក្នុងតំបន់អង្គរអាចគង់វង្សទៅបានមិនមែនពឹងលើតែអាជ្ញាធរជាតិអប្សរាឡើយ គឺត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេសមន្ត្រីឧទ្យានុរក្ស ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយនេះ តាមរយៈការបណ្តុះគំនិតស្រឡាញ់បរិស្ថាន និងអង្គរ៕