លោក ដូណាល់ ត្រាំ៖ បច្ចុប្បន្នមិនមែនជាពេលត្រូវដាក់ទណ្ឌកម្មថ្មី លើកូរ៉េខាងជើងនោះទេ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងឡើងវិញថាលោកនឹងបញ្ឈប់ការដាក់ទណ្ឌកម្មថី្មលើ កូរ៉េខាងជើង ដោយថាបច្ចុប្បន្នមិនមែនជាពេលវេលាសាកសម ខណៈប្រជាជនកូរ៉េខាងជើងកំពុងរងការឈឺចាប់។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាននៅឯរម្មណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida នៅថ្ងៃសុក្រសប្ដាហ៍នេះ(ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងដូច្នេះថា៖ « ពួកគេកំពុងរងការឈឺចាប់យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងជើង…ពួកគេកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកនៅក្នុងប្រទេស កូរ៉េខាងជើង…ដូច្នេះខ្ញុំគិតថាទណ្ឌកម្មបន្ថែមនៅពេលនេះមិនចាំបាច់នោះទេ ប៉ុន្តែនេះមិនមែនមានន័យថាខ្ញុំនឹងមិនដាក់ ទណ្ឌកម្មលើពួកគេនៅពេលក្រោយឡើយ គ្រាន់តែខ្ញុំយល់ថាបច្ចុប្បន្នវាមិនមែនជាពេលវេលាសាកសមតែប៉ុណ្ណោះ»

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលុបចោលទណ្ឌកម្មដែលក្រសួងរតនាគារ ជាតិអាមេរិកដាក់លើក្រុមហ៊ុនចិនចំនួន២ សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការជួយកូរ៉េខាងជើងឱ្យរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ច របស់សហគមន៍អន្តរជាតិ។ ប៉ុន្តែទន្ទឹមគ្នា ក្រុមមន្ត្រីអាមេរិកជាច្រើននាក់បាននិយាយថាសហរដ្ឋអាមេរិកនឹងរក្សាការដាក់ ទណ្ឌកម្មជាអតិបរមា រហូតទាល់តែទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង៕