ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ កម្មករនិយោជិត ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក ៤​ថ្ងៃ​

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានប្រកាស ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​ទាំងអស់ ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខ ក្នុង​រយៈពេល បួន​ថ្ងៃ គឺ​ថ្ងៃទី​១៤-១៥-១៦ និង​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​។ ការឈប់​សម្រាក​នៅ​ថ្ងៃទី​១៧ ខែមេសា ជំនួស​ឲ្យ​ថ្ងៃទី​១៤ ខែមេសា ដែល​ត្រូវចំ​ថ្ងៃអាទិត្យ​។​

​ក្នុង​សេចក្តីជូនដំណឹង ក្រសួង​ការងារ បញ្ជាក់ថា ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​បាន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករនិយោជិត ឲ្យ​មានការ​ស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សមស្រប​។ កម្មករ និយោជិត ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល ថ្ងៃ​ធ្វើការ​ធម្មតា​។​

​ក្រសួង​ការងារ ក៏បាន​បន្ថែមថា ក្នុងករណី មានលទ្ធភាព ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន គួរ​ចាត់​តាំ​អ​ឲ្យ​មានការ​លេងល្បែង​កម្សាន្ត​នានា នៅតាម​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករ និយោជិត ដែល​បាន​បំពេញការងារ​កន្លងមក​។​

​សូម​រម្លឹកថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ សំ​រិ​ទ្ធិ​ស័ក នឹង​ប្រារព្ធ​ឡើង​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​១០​កើត ដល់​ថ្ងៃ​១២ កើត ខែចេត្រ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩៕