ជនល្មើសជនជាតិអាមេរិក ដែលសម្លាប់ស្ត្រីម៉ាស្សា កូនប្រសារមេបញ្ជាការរងអាវុធហត្ថខេត្តកែប ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ

(កំពត)៖ ទីបំផុតជនល្មើសដែលសម្លាប់ស្ត្រីបុគ្គលិកម៉ាស្សា របស់ហាងម៉ាស្សា «លីដាខ្មែរ ម៉ាស្សា» នៅផ្សារក្តាម ក្នុងក្រុងកែប ខេត្តកែប ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា ជនល្មើសដែលសម្លាប់ម៉ាស្សា នៅក្រុងកែបយប់មិញ ត្រូវបានចាប់ខ្លួនហើយ ដោយជនល្មើសជាជាតិអាមេរិក មានឈ្មោះ Shanch
Ez Sann Daniel កើតថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៩៣ រូបគេបានចូលមកកែប ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានស្នាក់នៅផ្ទះសំណាក់កែបបេ ត្រូវចេញពីខេត្តកែបនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ប៉ុន្តែរូបគេបានចាកចេញពីម៉ោង៨យប់មិញ តាមតាក់ស៊ីទៅកំពត។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថា យោងតាមសាក្សីដែលជាបុគ្គលិកបម្រើការងារនៅហាងម៉ាស្សា បានអះអាងថាជនបរទេសរូបនោះ ពិតជាបានចេញពីបន្ទប់ម៉ាស្សាកន្លែងកើតហេតុប្រាកដមែន។ ជាមួយគ្នានេះជនជាតិអាមេរិករូបនោះ មានជាប់ស្នាមខ្វាច ត្រូវមុខនិងករបស់គេផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានបញ្ជាក់ថា ជនល្មើសដែលសម្លាប់ស្ត្រីម៉ាស្សាកូនប្រសារមេបញ្ជាការរងអាវុធហត្ថខេត្តកែប ត្រូវបានចាប់ខ្លួនហើយ និងកំពុងបន្តនីតិវិធីបន្ថែមទៀត។ ជនល្មើសបានប្រើកាំបិត អារកសម្លាប់ស្ត្រីរងគ្រោះ។

សូមជម្រាបថា នៅម៉ោងប្រហែល៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានឃាតកម្មដ៏សាហាវមួយកើតឡើង នៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ «លីដា ខ្មែរម៉ាស្សា» នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយស្ត្រីម៉ាស្សាម្នាក់ ត្រូវជនល្មើសសម្លាប់ ដេកស្លាប់ក្នុងថ្លុកឈាម។

លោកឧត្តមសេនីយ៍ស្នងការខេត្តកែប បានប្រាប់ Fresh News ថា ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ។

ស្នងការនគរបាលខេត្តរូបនេះ បានបញ្ជាក់ថា ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង៕