អ្នកបើករថយន្ដបុករះ នៅខណ្ឌទួលគោក បណ្តាលឲ្យស្លាប់៣នាក់ និងរបួស៦នាក់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស

ភ្នំពេញ៖ បុរសម្នាក់ដែលបើករថយន្ដបុករះ បណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់ នៅក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នោះ ត្រូវបានសមត្ថកិច្ច នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

ជាមួយនឹងការបញ្ជូនខ្លួនជនបង្កទៅកាន់តុលាការនេះ លោក ប៉ែន ឃុន នាយរងការិយាល័យ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យដឹងផងដែរថា រហូតមកដល់ថ្ងៃទី៣០ ខែមីនានេះ ជនរងគ្រោះដែលស្ថិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ មានអ្នកស្លាប់កើនដល់៣នាក់ និងរបួសធ្ងន់៦នាក់ផ្សេងទៀត។

បើតាមលោក ប៉ែន ឃុន អ្នកបើករថយន្តរូបនេះ ក្រោយធ្វើតេស្តទឹកនោម ឃើញថា មានសារធាតុញៀនផងដែរ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចមុខផ្ទះលេខ១២ ផ្លូវលេខ៣២៤ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបង្កដោយរថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AN-2395 បើកបរដោយឈ្មោះ ទឹម គឹមទិច អាយុ៣៣ឆ្នាំ ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញរថយន្ដបង្កបើកបរក្នុងទិសដៅពីជើង ទៅត្បូង តាមបណ្ដោយផ្លូវលេខ៣២៤ លុះដល់កន្លែងកើតហេតុ ស្រាប់តែ ជ្រុលចង្កូតរថយន្ដបុកមនុស្សកំពុងអង្គុយមុខផ្ទះលេខ១២​ ដែលកំពុងផឹកស៊ី និងរាំច្រៀងក្នុងពិធីបុណ្យឡើងអ្នកតា បណ្តាលឲ្យស្លាប់ចំនួន០២នាក់ (កន្លែងកើតហេតុម្នាក់ បញ្ជូនទៅដល់មន្ទីរពេទ្យម្នាក់) និងរងរបួសធ្ងន់ ចំនួន៦នាក់។

អធិការនគរបាលខណ្ឌទួលគោករូបនេះ បានបន្ថែមទៀតថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារតែអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនយ៉ាងលឿន៕