ពលរដ្ឋស្នើពេទ្យសត្វខេត្តព្រះសីហនុ ទប់ស្កាត់សាច់សត្វចម្រុះ ដែលឈ្មួញលួចនាំចូលខុសច្បាប់ ពីប្រទេសជិតខាងឲ្យមានប្រសិទ្ធិភាព

ព្រះសីហនុ៖ ប្រជាពលរដ្ឋមន្ត្រីរាជការ ជាពិសេសស្ត្រីមេផ្ទះរស់នៅក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត បន្ទាប់ពីមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក្នុងប៉ុន្មានថ្ងៃបន្តបន្ទាប់មកនេះ ចាប់បានសាច់ស្រស់ចម្រុះជាង ១០០គីឡូ ដែលឈ្មួញលួចនាំចូលខុសច្បាប់ ពីប្រទេសជិត ចូលមកចែកចាយ លក់ដូរបន្តក្នុងមូលដ្ឋានខេត្តព្រះសីហនុ។

ផ្តើមពីបញ្ហានេះ ស្ត្រីមេផ្ទះបានសំណូមពរដល់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ រួមមាន៖ សាខាកាំកុងត្រូល ជាពិសេសពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តព្រះសីហនុឲ្យជួយបង្កើនសកម្មភាព ចុះត្រួតពិនិត្យទំនិញ ពិសេសសាច់ស្រស់ ដែលកំពុងដាក់លក់ទាំងស្របច្បាប់ និងមិនស្របច្បាប់តាមទីផ្សារនានា ក្នុងខេត្តព្រះសីហនុឲ្យមានប្រសិទ្ធភាព។

ករណីនេះ ទាំងប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ រស់នៅក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភខ្លាច សាច់សត្វស្រស់ ដែលនាំចូលខុសច្បាប់ ពីប្រទេសជិតខាងកម្ពុជា ចូលមកចែកចាយលក់ដូរបន្ត នាមូលដ្ឋានខេត្តព្រះសីហនុរាល់ថ្ងៃនេះ មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ឬអ្នកទទួលទាន។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ បានសំណូមពរដល់ មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ ឲ្យជួយបង្កើនការងារចុះត្រួតពិនិត្យ ការនាំចូលសាច់ស្រស់ គ្រប់ប្រភេទតាមច្រកព្រំដែន តាមបេនឡាន និងដាក់លក់នៅតាមទីផ្សារនានាឲ្យបានជាប្រចាំ និងមានប្រសិទ្ធភាព។

ទាក់ទិនបញ្ហានេះដែរ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមីនា មន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត បានដុតសាច់សត្វចម្រុះ ដែលមន្ត្រីពេទ្យសត្វ ចាប់បានពីឈ្មួញលួចនាំចូលពីប្រទេសជិតខាង ដោយខុសច្បាប់។ សាច់ស្រស់ទាំងនោះ ត្រូវឈ្មួញលួចនាំចូលលួចលាក់ មកលក់ចែកចាយ ក្នុងទីផ្សារមួយចំនួន នាក្រុងព្រះសីហនុ ប៉ុន្តែត្រូវបានមន្ត្រីពេទ្យសត្វចាប់បាននៅបេនឡានមហោស្រពចាស់ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

លោក នេន ចំរើន បន្តថា ការចុះចាប់ការនាំចូលសាច់សត្វស្រស់ ដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងនេះ គឺជាវិធានការទប់ស្កាត់ ការនាំចូលសាច់ស្រស់ខុសច្បាប់ ដើម្បីឈានទៅរួមចំណែក ជួយថែរក្សារក្សាសុខភាព របស់ប្រជាពលរដ្ឋ និងការពារ ការចម្លងរោគប៉េស្តអាហ្វ្រិក នៅលើសាច់សត្វ ឬសាច់សត្វ ដែលមានសារធាតុគីមីផ្សេងៗ។

លោក នេន ចំរើន បានបន្ថែមថា ជាជំហ៊ានដំបូង មន្ត្រីជំនាញពេទ្យសត្វ បានតម្រូវឲ្យម្ចាស់ទំនិញ និងម្ចាស់រថយន្តក្រុង ដែលដឹកសាច់សត្វខុសច្បាប់ទាំងនោះ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលសាច់ស្រស់ ដោយខុសច្បាប់តទៅទៀត ហើយក្នុងករណីមិនស្ដាប់តាមការណែនាំ របស់មន្ត្រីជំនាញទេ បុគ្គលមួយចំនួននោះ នឹងត្រូវប្រឈមមុខការផ្តន្ទាទោសតាមផ្លូវច្បាប់។

បញ្ហានេះដែរ លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា សាច់សត្វស្រស់ ដែលមន្ត្រីជំនាញចាប់យក មកដុតចោល កាលពីថ្ងៃសុក្រទី២៩ ខែមីនា មានចំនួនសរុប ១២០គីឡូក្រាម។ សាច់ស្រស់ទាំងនោះ មានដូចជា៖ ទ្រូងទា សាច់ជ្រូកកញ្ចប់ គ្រឿងក្នុងជ្រូក ត្រចៀក ក្រចកជើងជ្រូក និងពោះគោជាដើម៕