វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់តាមអនឡាញជាលើកដំបូងចាប់ផ្តើមហើយ

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់ជាលើកដំបូងតាមប្រព័ន្ធអនឡាញ “Fina Online Swimming Coach Clinic ( Advanced Levels ) រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០បើកជាផ្លូវការហើយនៅសហព័ន្ធ។

លោក ហែម គិរីអគ្គលេខាធិការរបស់សហព័ន្ធបានប្រាប់ឲ្យដឹងថា ការបណ្ដុះបណ្ដាលនេះនឹងមានរយៈពេល៤ថ្ងៃពីថ្ងៃទី១ ដល់ទី៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ វគ្គនេះឧទ្ទេសនាមដោយគ្រូបង្វឹកចក្រភពអង់គ្លេសដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ។
លោកបានបន្តថា លោក James Richards ដែលជាគ្រូឧទ្ទេសនឹងធ្វើការឧទ្ទេសនាមពីប្រទេសអង់គ្លេសមកតែម្ដង ហើយសហព័ន្ធនឹងរៀបចំបន្ទប់សិក្សាតាមប្រព័ន្ធអនឡាញសម្រាប់ដំណើរការវគ្គនេះ ។ សិក្ខាកាម ត្រូវសិក្សាមានចំនួន១៩រូបក្នុងនោះនារី២រូប និង២រូបមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

សហព័ន្ធបានស្នើសុំវគ្គសិក្សានេះទៅសហព័ន្ធអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះដែលពេលនេះទើបគេផ្ដល់ឲ្យកម្ពុជា ។សិក្សាកាមដែលអាចចូលសិក្សាវគ្គនេះបានសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គសិក្សាកម្រិតបឋម និង កម្រិតមធ្យមព្រោះនេះជាវគ្គកម្រិតខ្ពស់៕ ដោយ៖ កូនដូច (យុទ្ធ)