ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ ​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,២១៣នាក់ នារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨។

លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះរួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទាំងនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៣០នាក់ នារី ២២នាក់ផងដែរ។

លោកបានគូសបញ្ជាក់ថា តាមការសិក្សានិស្សិតដែលបញ្ចប់ការសិក្សានេះ អ្នកមានការងារធ្វើចំនួន ២,៨៥៩នាក់ ស្មើនឹង ៨៨,៩៨ភាគរយ។

គាត់ក៏បានបន្ថែមទៀតថា នៅក្នុងឆ្នាំសិក្សាឆ្នាំ២០១៨-២០១៩នេះ វិទ្យាស្ថានរបស់លោកមាននិស្សិតកំពុងសិក្សា ៨,៤៩១នាក់ នារី ៧,៣៧១នាក់។ ក្នុងនោះបើគិតចាប់តាំងពីឆ្នាំសិក្សា២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សាដោយគិតទាំងនិស្សិតជយលាភីនាពេលនេះ មានចំនួនសរុប ២៨,៧៥៨នាក់ នារី ២៣,៦៥៣នាក់។

គួរំលឹកផងដែរថា វិទ្យាស្ថាននេះបានធ្វើពិធីប្រគល់សញ្ញាបត្រជូននិស្សិតរបស់ខ្លួនចំនួន១៣លើករួចមកហើយ ហើយ ចាប់ពីឆ្នាំ២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៨-២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អាហារូបករណ៍ដល់និស្សិតក្នុងវិទ្យាស្ថានចំនួន ៥៧៤នាក់៕