រថយន្តជនជាតិចិន បុករថយន្តកែច្នៃដឹកឈើនៅស្រុកសំបូរ ខេត្តក្រចេះទាំងយប់ បណ្ដាលឲ្យស្រី្តជនជាតិចិនម្នាក់ស្លាប់

ក្រចេះ៖សេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ រថយន្ដរបស់ជនជាតិចិនមួយគ្រឿង បានបើកបុករថយន្ដកែច្នៃដឹកឈើ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើត ស្ថិតនៅលើផ្លូវជាតិ៧ ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្ដជនជាតិចិនជិះគ្នា២នាក់ បានបើកបុករថយន្ដកែច្នៃដឹកឈើពីក្រោយបណ្ដាលឲ្យស្រ្តីជនជាតិចិនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ។

ករណីគ្រោះចរាចរណ៍នេះ ក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូងដល់ចំណុចខាងលើ រថយន្ដជនជាតិចិន បានបុករថយន្ដច្នៃនោះតែម្ដង ប្រហែលជាវ៉ាក់អើហើយជាន់ហ្វាំងមិនទាន់។ ពេលនេះកម្លាំងនគរបាលក្រោមការបញ្ជាពីស្នងការនគរបាលខេត្ត និងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧១០ បានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍។

លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា លោកបានបញ្ជាឲ្យនគរបាលជំនាញ ចុះទៅកន្លែងកើតហេតុហើយ ចំណែកសាកសពជនជាតិចិននោះ បើតាមនគរបាលប៉ុស្តិ៍អូរគ្រៀងរាយការណ៍មកលោក ជនជាតិចិនម្នាក់ទៀតជួលរថយន្ដឯកជន ដឹកទៅភ្នំពេញ រីឯរថយន្ដទាំងពីរគ្រឿង ត្រូវនគរបាលជំនាញចុះធ្វើវាស់វែងរួច យកទៅរក្សាទុកនៅប៉ុស្ដិ៍រង់ចាំដោះធ្វើការស្រាយ។

សម្រាប់ជនជាតិចិនទាំង២នាក់ ប្រហែលជាប្តីប្រពន្ធ គេមិនទាន់ដឹងថា តើពួកគេបើករថយន្តទៅគោលដៅណានោះទេ ទើបមកបុករថយន្តកែច្នៃដឹកឈើយ៉ាងដូច្នេះ៕