លោក សុន ឆ័យ លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ទទួលបាននីតិសម្បទាឡើងវិញហើយ

(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅល្ងាចនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ លោក សុន ឆ័យ លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ដែលជាមន្ត្រីជាន់ខ្ពស់ពីររូបទៀត នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) គឺទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញហើយ។

ការទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញនេះ បន្ទាប់ពីអតីតតំណាងរាស្រ្ត និងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន៣រូបខាងលើបានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់នីតិសម្បទាឡើងវិញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។

អតីតមន្ត្រីតគណបក្សប្រឆាំងទាំងនោះរួមមាន ទី១, លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អតីតគណបក្សសង្គ្រោះជាតិ ទី២, លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ និងទី៣, លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។

នៅក្នុងលិខិតមន្ត្រីទាំង៣រូប ដែលបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង បានលើកឡើងប្រហាក់ប្រហែលគ្នាថា រូបខ្លួនទាំង៣នាក់ ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី(ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានឃាមឃាត់មិនឲ្យធ្វើ សកម្មភាពនយោបាយ អាចទទួលបាន នីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ សូមស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់ពួកខ្លួនដោយក្តីអនុគ្រោះ៕ ដោយៈ ភក្តី(Micheal)